សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការទូតសភា ជាកត្តាគន្លឹះដ៏សំខាន់មួយនាំមកនូវវិបុលភាព និងសុខដុមរមនាដល់ប្រទេសនិងប្រជាជន កម្ពុជា-ថៃ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការទូតសភាមានសារៈសំខាន់ណាស់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលនាំមកនូវផលប្រយោជន៍រួម និងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម មិនមែនសម្រាប់តែប្រទេសកម្ពុជានិងថៃប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ក្របខណ្ឌតំបន់និងអន្តរជាតិផងដែរ។ ការលើកឡើងបែបនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាច្រថៃ។

នៅក្នុងជំនួបនោះផងដែរ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អនិងជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកនេះ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា-ថៃ ប្រកាន់នូវរបបរាជានិយម មានប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជនទាំងពីរតែងមានទំនាក់ទំនងល្អនឹងគ្នាយ៉ាងជិតស្និទ្ធ។ ឈរលើស្មារតីនេះ ប្រទេសទាំងពីរ បានបន្តពូនជ្រំចំណងទំនាក់ទំនង មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការដែលមានស្រាប់នាពេលបច្ចុប្បន្នឱ្យកាន់តែល្អប្រសើរ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ តាមរយៈការលើកកម្ពស់ បង្កើនកិច្ចសហប្រតិបត្តិការ និងការទូតសភាដើម្បីឈានទៅសម្រេចបាននូវវិបុលភាព និងសុខុមាលភាពរួម ជូនប្រទេស និងប្រជាជនទាំងសងខាង។

ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមភាគីថៃ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជវង្សានិវង្ស នៃព្រះហាក្សត្រថៃ និងរដ្ឋាភិបាលថៃដែលបានផ្តល់ការគាំទ្រ និងបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសថៃនាពេលនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រ ដល់ការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាង៧០ មកនេះឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងទូលំទូលាយថែមទៀត។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានរដ្ឋសភាថៃ បានរំលឹកអំពីលទ្ធផលដ៏ជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅកម្ពុជា កាលពីខែមីនាកន្លងទៅ ដោយបានជួប សម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ប្រកបដោយភាតរភាព និងស្និទ្ធស្នាលជាទីបំផុត។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នៃសភាទាំងពីរ។ ជាក់ស្តែង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយគ្នាបន្តបន្ទាប់មកនេះ ជាភ័ស្តុតាងបង្ហាញពីការលូតលាស់ រីកចម្រើននៃភាពជាដៃគូប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកបន្ថែមទៀតដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” នៃប្រទេសទាំងពីរ ដែលបានបង្កើតឡើងនាពេលថ្មីៗនេះឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងថ្មីៗថែមទៀត។

បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា (MoU) ទាំងក្នុងកម្រិតសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ហើយបានចាត់ទុកថា ការចុះហត្ថលេខា (MoU) នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់រដ្ឋសភាទាំងពីរបើកទំព័រថ្មីដល់ការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែស៊ីជម្រៅថែមទៀត និងឈានទៅសម្រេចបាននូវគោលបំណងនិងក្តីប្រាថ្នារួមរបស់ប្រទេស និងប្រជាជនទាំងពីរ ជាពិសេសជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តដោយយកប្រជាជនជាស្នូល៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner