កម្ពុជា និងហ្វីលីពីន គ្រោងរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅខែក្រោយ

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់ និងការពារជាតិ និងសន្តិសុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្ស សម្រាប់ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម ទៅកាន់សាធារណរដ្ឋហ្វីលីពីន និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅ នាខែសីហា នៅរដ្ឋធានីម៉ានីល ដើម្បីរួមគ្នារិះរកវិធីសាស្ត្រលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរឱ្យឡើងមួយកម្រិតទៀត ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner