ស្ថានបេសកកម្មកម្ពុជា ក្នុងក្រុងហ្សឺណែវ បំភ្លឺមូលហេតុកាត់ទោសដាក់គុកសកម្មជនបរិស្ថាន (Video Inside)

ការចោទប្រកាន់របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ដែលនិយាយថា ការកាត់ទោសដាក់គុកសកម្មជនបរិស្ថាន ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួននោះ ត្រូវបានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បដិសេធថា វាមិនមែនជាការពិតឡើយ។

សេចក្ដីថ្លែងការណ៍ចុះទី១០ កក្កដា ឆ្នាំ២០២៤ របស់ស្ថានបេសកកម្មកម្ពុជា ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានថ្លែងថា ការផ្តន្ទាទោសមនុស្សទាំង១០នាក់នោះ «ពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ»។

សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ ក្នុងចំណោម ១០នាក់ ត្រូវបានតុលាការកាត់ទោសដាក់គុកពី៦ទៅ៨ឆ្នាំ ពីបទល្មើសរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២កក្កដា។

សេចក្ដីថ្លែងការណ៍ដដែលរបស់កម្ពុជាបានបញ្ជាក់ថា «នៅកម្ពុជាក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់»។

សេចក្ដីថ្លែងការណ៍បញ្ជាក់បន្ថែមថា ការសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងជាក់ស្តែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។

ads banner