សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការប្រកួតកីឡា គុនចម្រុះជើងឯកអាស៊ី លើកទី២

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការ នៃការ​ប្រកួតយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកអាស៊ីលើកទី២ វិមានពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក, រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤ ។

ក្នុងកម្មវិធីបើកការប្រកួតគុនចម្រុះ ជើងឯកអាស៊ីលើកទី២នេះ មានទស្សនីយភាព នៃការសម្តែងយុទ្ធគុនចម្រុះ នៃខ្មែរបុរាណប្លែកៗ និងពុំដែលមានក្នុងពិធីបើកពីមុនមកនោះឡើយ។ ក្នុងពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមសម្ដែងចំបាប់បុរាណ, គុនខ្មែរ, យុទ្ធគុនវាយខែល, គុនល្បុក្កតោ, ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលនឹងក្លាយជាផ្ទាំងទស្សនីយភាពដ៏ប្រណីត ដើម្បីផ្សព្វផ្សាយដល់បរទេស អំពីយុទ្ធគុនពិសេស សម្បូរបែប ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលនេះ មានប្រតិភូកីឡា និងអត្តពលិកសរុបចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង ៣តំបន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី។ រីឯ ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ ។

ការប្រកួតនេះ ធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះកម្ពុជាបានត្រៀមអត្តពលិក ១៦រូបចូលរួមប្រកួត ក្នុងនោះរួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះ សូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២នៅកម្ពុជា។

សូមជូនពរដល់កីឡាករកីឡាការិនីកម្ពុជាឱ្យទទួលបានជោគជ័យ។ ក្នុងស្មារតីកីឡា និងសាមគ្គីភាព សូមអត្តពលិកទាំងអស់ ខិតខំប្រកួតតាមលក្ខណៈបច្ចេកទេសនៃយុទ្ធគុនចម្រុះ និងលេងដោយយុត្តិធម៌ ដោយឈរលើគុណតម្លៃអូឡាំពិក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner