សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅខែតុលារៀងរាល់ឆ្នាំ កម្ពុជា នឹងរៀបចំការ​ប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

ភ្នំពេញ៖ នៅខែតុលារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជា នឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់ ដើម្បីផ្ដល់ឱកាសដល់អ្នកស្នេហាវិស័យក្បាច់គុន ដាក់ពាក្យចូលរួមប្រកួត និងបង្ហាញសមត្ថភាព ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក្នុងពិធីបើកជាផ្លូវការ នៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានលើកឡើងថា ប្រជាជាតិកម្ពុជា គឺមានយុទ្ធគុនខ្មែរបុរាណច្រើនប្រភេទ គ្រប់ទម្រង់ និងច្រើនមេគុន ដែលបន្សល់ដោយដូនតាបុព្វបុរសខ្មែរតាំងពីបុរាណកាលមក។

សម្ដេចបានបញ្ជាក់ថា ខ្ញុំបានបានផ្ដល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលាជារៀងរាល់ឆ្នាំ ចាប់ណីឆ្នាំ២០២៤នេះតទៅ ដើម្បីបើកចំហទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទោះបីសញ្ជាតិខ្មែរ ឬបរទេស ក៏អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់កីឡាករ អ្នកចេះក្បាច់គុនបុរាណខ្មែរ យុវជន អ្នកចូលរួមទស្សនា ប្រជាពលរដ្ឋទូទៅ ចូលរួមហាត់ក្បាច់គុនខ្មែរបុរាណ ដើម្បីចូលរួមប្រកួត ឬបង្ហាញសមត្ថភាពក្នុងការប្រកួតនាពេលខាងមុខនោះ។ ចំពោះជនបរទេសក៏ស្វាគមន៍ដែរ តែត្រូវចេះក្បាច់គុនខ្មែរ ដូច្នេះអាចរៀនក្បាច់គុនខ្មែរបាន មុនចូលប្រកួតនៅខែតុលា ឆ្នាំ២០២៤ខាងមុខ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំបែបនេះ គឺដើម្បីបង្កឱកាសឱ្យអ្នកចេះក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់មកសម្ដែង មកប្រកួតក្នុងពេលជាមួយគ្នា បង្ហាញទៅកាន់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់ និងបង្កឱកាសឱ្យមានការស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ។ ដូច្នេះហើយសម្ដេចធិបតី ក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំជម្រះ ចងក្រង ស្រាវជ្រាវយុទ្ធគុនខ្មែរបុរាណឡើងវិញ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner