វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាង​សំខាន់ទាំងនៅក្នុងកម្ពុជា និងក្នុងពិភពលោក

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

ភ្នំពេញ៖ ក្នុងពិធីបើកជាផ្លូវការ នៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើង​ឯកអាស៊ីលើកទី២ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក, រាជធានីភ្នំពេញ នាល្ងាច​ថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី កម្ពុជា បានថ្លែងថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបាន​ដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក, ដោយកីឡា​ទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ ។

សម្តេចធិបតី បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួត​មួយ​​​ប៉ុណ្ណោះទេ, ប៉ុន្តែជាងនេះទៀត ព្រឹត្តិការណ៍ប្រកួតកីឡា គឺជាឱកាស​សម្រាប់​ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ, ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកឡើងវិញថា កម្ពុជា ទើបតែបាន​រៀបចំ​ការប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈ​ល្អប្រសើរ សម្រាប់ បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និង ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំង ក្នុងការប្រកួតដណ្ដើម​យកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។

សម្តេចបានថ្លែងបន្តថា ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហសម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមាន កីឡាករប្រយុទ្ធជាច្រើន មកពីកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, និង Taekwondo។ ចំពោះកម្ពុជា, យើងក៏ធ្លាប់មានឱកាសល្អចូលរួមប្រកួតយុទ្ធគុនចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និង កីឡា ករយូដូ ជាដើម ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ីលើកទី២ នាឆ្នាំ២០២៤នេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner