ពលរដ្ឋ នាំគ្នាសម្រុកទទួលយកទៅដាំ ដែលនេះជាព្រឹត្តិការណ៍ចែកកូនឈើទ្រង់ទ្រាយដ៏ធំ ដែលពុំធ្លាប់មានកន្លងមក

ភ្នំពេញ៖ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើមិនទាបជាង ៣៥ម៉ឺនដើមឡើយដើម្បីចែកជូនដល់ពលរដ្ឋ តាមទីសាលារៀន វត្តអារាម ទីសាធារណៈនានា ដើម្បីប្រែក្លាយទីវាល ឱ្យទៅជាដើមឈើព៌ណបៃតងផ្តល់នូវម្លប់ជាទីជ្រកកោនដល់យើងគ្រប់គ្នា ។

ក្នុងព្រឹត្តិការណ៍ចែកកូនឈើ ត្រឹមរយៈពេលមួយល្ងាចថ្ងៃទី ១០ ខែកក្កដា ដើមឈើជាង ៤ម៉ឺនដើមត្រូវបានចែកពលរដ្ឋ និងឈានដល់ល្ងាចថ្ងៃទី១១ ខែកក្កដា គេឃើញកូនឈើច្រើនម៉ឹនដើមទៀតត្រូវចែកជូនពលរដ្ឋស្ទើអស់ពីស្តង់ ។ ពលរដ្ឋ នាំគ្នាសម្រុកទទួលយកទៅដាំ ដែលនេះជាព្រឹត្តិការណ៍ចែកកូនឈើទ្រង់ទ្រាយដ៏ធំ ដែលពុំធ្លាប់មានកន្លងមក ។

ក្នុងការសម្រុកទៅយកកូនឈើ និងការបង្ហាញពីការចូលរួមដាំដើមឈើយ៉ាងផុលផុសនេះដែរមន្រ្តីតាមមន្ទីរបរិស្ថានមួយចំនួនបានបង្ហាញការសប្បាយចិត្ត និងព្រមជាមួយគ្នាក៏បានក្រើនរំលឹកឱ្យពលរដ្ឋ ដែលយកទៅដាំ ហើយអ្វីដែលសំខាន់បំផុតនោះគឺការថែទាំដើម្បីឱ្យដើមឈើមួយដើមៗដែលយកទៅ នៅថ្ងៃខាងមុខប្រែក្លាយជាដើមឈើយ៉ាងស្រស់ស្អាត និងជាទីម្លប់ត្រជាក់ត្រឈឹងត្រឈៃរបស់យើងគ្រប់គ្នា ។

លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានឱ្យដឹងថា ៖ ចាប់តាំងតែពីដើមខែតុលា ឆ្នាំ២០២៣រហូតមកដល់ដើមខែកក្កដាឆ្នាំ២០២៣នេះ មកមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំផលិតកូនឈើបានជាង ១២០០០ដើម ។

លោកបានលើកឡើងថា ការបណ្តុះកូនឈើក៏ជួបស្ថានភាពលំបាកមួយចំនួនដែរ ហេតុនេះលោកសំណូមពរឱ្យពលរដ្ឋមកទទួលយកកូនឈើត្រូវតែចេះថែទាំ ។ លោកចាត់ទុកថាការដាំកូនឈើ អ្វីក៏ដោយបើមិនបានថែទាំងវាហាក់បីដូចជាយើងមិនបានដាំដូច្នេះដែរពីព្រោះថាវានឹងប្រឈការងាប់ទៅវិញ ពិសេសរដូវប្រាំងក្តៅហួតហែងតែម្តង ។

អនុប្រធានមន្ទីរបរិសា្ថនខេត្តស្ទឹងត្រែង លោក យេនរ៉ុន បានឱ្យដឹងថាក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនេះមន្ទីរបរិស្ថានរបស់លោកបាននាំយកកូនឈើចំនួន ១៥២០ដើម ដើម្បីចែកជូនពលរដ្ឋយកទៅដាំ ។ ក្នុងនេះគ្រាន់តែដើមបេងជាង ១៣១០ដើម ធ្នុង ២១០ដើម ។

លោកថាការបណ្តុះបានច្រើននឹងជួយឱ្យពលរដ្ឋអាចយកទៅដាំបានច្រើនដើម្បីប្រែក្លាយប្រទេសយើងទៅជាទីប្រភពដើមឈើស្រស់បំពង តែជាមួយគ្នាលោកសំណូមពរពលរដ្ឋចូលរួមថែរក្សាដើមឈើទាំងនេះឱ្យលូតលាស់បានល្អ មិនត្រូវទុកចោលដោយមិនបានថែទាំងនោះឡើយពីព្រោះថាប្រឈមនឹងងាប់ខ្ពស់ណាស់ ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនៈគិរីបានបញ្ជាក់ប្រាប់ថាក្នុងពិធីនេះលោកបាននាំយកកូនឈើ ១៥០០ដើមដើម្បីចែកដល់ពលរដ្ឋ ដោយក្នុងនេះមានដើមឈើចំនួន ៦ប្រភេទ ក្នុងនេះកូនឈើប្រណិត ៤ប្រភេទរួមមានដើមឈើបេង ឈើទាល គគី គ្រញូង និងដើមឈើហូបផ្លែចំនួន២ប្រភេទគឺដើមប៊័រ និង កូនខ្នុរ ។

លោក ថា ពលរដ្ឋច្រើនណាស់ស្រឡាញ់ដើមឈើ ពួកគាត់រួមគ្នាដាំដើមឈើ ដើម្បីបន្ថែមភាពបៃតងដែលផ្តល់ម្លប់សម្រាប់យើងគ្រប់គ្នា។ដោយមិនខុសគ្នានេះ លោកក៏បានផ្តាំផ្ញើរពលរដ្ឋក្រៅពីដាំដើមឈើ ហើយក៏ត្រូវមានភារៈកិច្ចសំខាន់មួយទៀតគឺថែទាំ ដើម្បីឱ្យដើមឈើទាំងនេះផ្តល់មកវិញនូវម្លប់ ផ្តល់ភាពបៃតង និងពិសេសទាក់ទាញវិស័យទេសចរណ៍មកកាន់ប្រទេសយើងកាន់តែច្រើននាថ្ងៃខាងមុខ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងឱ្យដឹងថាក្រសួងបរិស្ថានបានត្រៀមកូនឈើចម្រុះចំនួន ៣៥ម៉ឺនដើម សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។ត្រឹមតែរយៈពេលមួយល្ងាចថ្ងៃទី១០ ខែកក្កដាដែលជាព្រឹត្តិការណ៍ថ្ងៃដំបូងតាមការផ្តលកូនឈើនិងការស្នើសុំពី អង្គភាព ស្ថាប័នផ្សេងៗប្រមាណ ៤៣,៥០០ដើម។ក្រោយការចែកបីថ្ងៃនៅមុខក្រសួងបរិស្ថានហើយ កូនឈើទាំងនេះនឹងត្រូវបន្តចែកតាមបណ្ដាខេត្តបន្ថែមទៀតផងដែរ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួងពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner