ករណីប្តឹងមន្ត្រីសង់ត្រាល់៖ តុលាការកោះហៅប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជាចូលបំភ្លឺ

ភ្នំពេញ៖ លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ហង្ស រ៉ាវី ប្រធានសហពន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងឆ្លើយបំភ្លឺ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ពីដំណើររឿងព្រហ្មទណ្ឌ ដែលបានប្តឹងលោក ឃុន ថារ៉ូ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង។

លោក ហង្ស រ៉ាវី បានថ្លែងប្រាប់អ្នកដារព័ត៌នៅក្រៅរបងតុលាការថា លោកបានប្តឹងលោកឃុន ថារ៉ូ មន្ត្រីសង់ត្រាល់ និងគូកន ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា ៤៩៤ មាត្រា ៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយលោកអះអាងថា មន្ត្រីអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ពាក់ព័ន្ធក្នុងការចេញរបាយការណ៍បំភ្លៃ និងទំលាក់កំហុស លើសហជីពនៅកម្ពុជាថា ជាសហជីពមិនឯករាជ្យ មានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន (និយោជក) ហើយនិយោជកប្រើប្រាស់សហជីពមិនឯករាជ្យ ដើម្បីយាយី និងបំភិតបំភ័យសហជីពឯករាជ្យ ដែលជាការបំផ្លាញសេរីភាពសហជីព នៅក្នុងបណ្តារោងចក្រ សហគ្រាស។

លោក ហង្ស រ៉ាវី បានបន្តថា ការបំភ្លៃការពិតនេះបានធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហជីព ដែលតែងតែប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងធ្វើសកម្មភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីសហជីព និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ប្រភពដដែលសង្កត់ធ្ងន់ថា អំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ បានធ្វើខូចខាតដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសហជីពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យម៉ាកយីហោ និងអ្នកបញ្ជាទិញអន្តរជាតិ រឹតត្បិតការបញ្ជាទិញ ឬមិនបញ្ជាទិញពីអ្នកផ្គត់ផ្គង់ ដែលទាំងអស់នេះ ជាគោលដៅពិតប្រាកដ នៃការផលិត និងការផ្សព្វផ្សាយរបាយការណ៍របស់ឈ្មោះ ឃុន ថារ៉ូ និងគូកន។

ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបញ្ជាក់ថា ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសវិនិយោគនៅកម្ពុជាទាំងមូល ហើយកម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសត្រូវទទួលរងនូវផលប៉ះពាល់ និងការខូចខាតផលប្រយោជន៍ យ៉ាងធំធេង ហើយការខូចខាតនេះនឹង រីករាលដាលកាន់តែខ្លាំង ប្រសិនបើអំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍នេះ បន្តជះឥទ្ធិពល កាន់តែអាក្រក់ចំពោះរោងចក្រ សហគ្រាស។

លោក ហង្ស រ៉ាវី បានលើកឡើងថា សហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានប្តឹងមន្ត្រីសង់ត្រាល់ ឈ្មោះ ឃុន ថារ៉ូ ចំនួន២ដង លើកទី១ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ប្តឹងមន្ត្រីអង្គការនេះ បន្ទាប់ពីបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព ដោយទាមទារសំណងជំងឺចិត្ត ១០០លានរៀល។ លើកទី២ ប្ដឹងសុំឱ្យមានការអនុវត្តន៍ច្បាប់ផ្តន្ទាទោសចំពោះឈ្មោះ ឃុន ថារ៉ូ និង គូកន ឱ្យបានតឹងរ៉ឹង និងធ្ងន់ធ្ងរបំផុត និងសុំទាមទារសំណងការខូចខាត និងជំងឺចិត្តដល់ស្ថាប័នសហជីពរបស់លោក ចំនួន ១០០០ ពាន់លានរៀល៕
ដោយ៖ពលជ័យ

ads banner