សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំពិនិត្យ និងពិភាក្សា លើរបាយការណ៍​លទ្ធផល ការងារចុះមូលដ្ឋាន ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ អំពីលទ្ធផលការងារចុះមូលដ្ឋាន ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

សូមជម្រាបថា នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖

(១) ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល។

(២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើន សាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព ។

(៣) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅមូលដ្ឋាន ។

(៤) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបប ការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អប្រសើររយៈពេល កន្លងមក, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព ឱ្យស្របតាម ស្ថានភាពជាក់ស្តែង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner