សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា

សហគ្រាសធុនតូច និងមធ្យមជាង ៤០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន មានបំណងមកបោះទុនវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក LIU Yichuon និងសហការីពីសមាគមសហគ្រាសធុនតូច និងមធ្យមពីប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក LIU Yichuon និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់សភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លូននៅ កម្ពុជា។

លោកប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសមាគមរបស់លោកដែលប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យមជាង៤០០នៅតាមប្រទេសចិន និងប្រទេសអាស៊ាន ។

លោកប្រធានសមាគម បានជម្រាបបន្ថែមថា នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីប្រទេសកម្ពុជា និងឱកាសវិនិយោគនៅកម្ពុជារៀបចំដោយសមាគមជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាង ៣៥០រូប ដែលជាសមាជិករបស់សមាគមដែលមានបំណងមកបោះទុនវិនិយោគនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជំនឿទុកចិត្តក្នុងការបោះទុនវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជូនពរលោក LIU Yichuon សហការី និងម្ចាស់សហគ្រាសទាំងអស់មានសុខភាពល្អ និងជោគជ័យក្នុងការប្រកបធុរកិច្ចដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងជម្រុញកំណើនសេដ្ឋកិច្ច និងជាការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ឱ្យកាន់តែច្រើនឡើង ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner