ខេត្តបាត់ដំបងចាប់ផ្ដើមយុទ្ធនាការ”ផ្ទះ១ខ្នងដើមឈើ១ដើម” ទូទាំងខេត្ត

បាត់ដំបង៖យុទ្ធនាការ”ផ្ទះ១ខ្នង ដើមឈើ១ដើម”ត្រូវបាន​ចាប់ផ្ដើមនៅទីប្រជុំជនក្រុង ស្រុក ទាំង១៤នៅទូទាំងខេត្ត​បាត់ដំបង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤នេះ។ដោយឡែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបាន​អញ្ជើញចូលរួម​បើកយុទ្ធនា​ការនេះនៅក្នុងក្រុងបាត់ដំបង ដែលជាចំណុចស្នូលនៃយុទ្ធនាការ។កូនឈើចម្រុះចំនួន២៥ ០០០ ដើមក៏ត្រូវបានត្រៀមសម្រាប់យុទ្ធនាការ​បង្កើត​ភាពបៃតង និងសោភណភាពទីក្រុងនេះផងដែរ។

ពីកណ្ដាលប្រជុំជននៃខេត្តជង្រុករបស់កម្ពុជា លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបាន​ប្រាប់ទៅអ្នកចូលរួម​ដែលកាន់​កូនឈើនៅក្នុងដៃថា យុទ្ធនាការ“ផ្ទះ១ខ្នង​ដើមឈើ១ដើម”ក្នុង​ក្រុងបាត់ដំបងថ្ងៃនេះផ្តើមចេញពីទី​ប្រជុំជននិងតាម​ដង​ផ្លូវជាតិ​សំខាន់ៗ​ដែលឆ្លងកាត់​ក្រុងបាត់ដំបង ក្នុងគោលបំណង ប្រែក្លាយទីក្រុងបាត់ដំបង ជាទីក្រុងបៃតង។

ក្នុងពិធីដាំកូនឈើនៃយុទ្ធនាការនានេះក្រុងបាត់ដំបង នឹងដាំដើមឈើចំនួនបីប្រភេទ ស្មើនឹង ៥៥៨ដើមក្នុងនេះ ឈើដើមធ្នង ចំនួន ២៥៦ដើម, ដើមត្របែកព្រៃ ចំនួន ២១០ដើម និងដើមក្ងោក ចំនួន ៩២ដើម។

ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា យុទ្ធនាការ”ផ្ទះ១ខ្នងដើមឈើ១ដើម” គឺចាប់ផ្ដើមដាំដើមឈើ នៅក្នុងក្រុងបាត់ដំបង និងទីប្រជុំជនស្រុកទាំង១៣ នៅទូទាំងខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា យុទ្ធនាការនេះ មិនមែនធ្វើតែមួយថ្ងៃ​នោះទេ តែនឹងបន្ត​ដាំដើមឈើទាំងនេះ​រហូតទាល់តែគ្រប់ផែនការ។សម្រាប់​នៅក្នុងក្រុងបាត់ដំបង នឹងត្រូវដាំដើមឈើប្រមាណ ២៥ ០០០ដើម។

សកម្មភាពដាំដើមឈើនៅខេត្តបាត់ដំបង បានធ្វើឡើងពីរ​ថ្ងៃបន្ទាប់ពីពិធីថ្នាក់ជាតិបានប្រារព្ធនៅថ្ងៃទី៩ ខែកក្កដា នា​ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវក្រោមព្រះរាជា​ធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

​តាមរយៈ​យុទ្ធនាការ”ផ្ទះមួយខ្នងដាំដើមឈើមួយដើម” ឯកឧត្តមអភិបាលខេត្តបាត់ដំបង​សង្ឃឹមយ៉ាងមុតមាំថា​ក្រុងបាត់ដំបង​កាន់តែមាន​សម្រស់ស្រស់ស្អាត បន្ទាប់ពី​ដើមឈើ ដែលបានដាំទាំងនោះលូតលាស់ល្អ។វាកាន់តែធ្វើ​ឱ្យក្រុងបាត់ដំបង ប្រែក្លាយ”ជាទីក្រុង​បៃតង” ដ៏គួរទាក់ទាញ​ដល់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្ត​បាត់​ដំបងមានចំនួនកើនឡើង៕

      ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )
ads banner