សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ និង ព្រះអម្ចាស់ក្សត្រី

(ថៃ)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ សម្តេចមហារដ្ឋសភា​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ ថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អមដំណើរដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធាន​រដ្ឋសភា ថៃ និង ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវព្រះអំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រនិ ងព្រះអម្ចាស់ក្សត្រី សព្វព្រះរាជហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនេះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ជ្រាលជ្រៅ នៃរាជវង្សា​នុវង្ស​ប្រទេសទំាងពីរ ទំនាក់ទំនងស្អិតល្មួត រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិ​បាល រដ្ឋសភា និងរដ្ឋសភា ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សា ពូនជ្រំ ពង្រឹងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឥតឈប់ឈរជារៀងរហូតមក ប្រកបដោយភាពធន់ និងស៊ីជម្រៅ ។

សម្តេចរដ្ឋសភាធិបតី បានថ្វាយនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយការសួរសុខទុក្ខពីសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ព្រមទាំងបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះ​មហា​ក្សត្រ ថៃ ដែលនាពេលកន្លងមកបានប្រោសព្រះរាជទានព្រះរាជ​ទ្រព្យ​យ៉ាង​ច្រើនសន្ធឹកសន្ធាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា និងការ​អភិវឌ្ឍនៅ កម្ពុជា ។

សម្តេចប្រធានរដ្ឋសភាក៏បានក្រាបបង្គំថ្លែងអំណរព្រះគុណព្រះករុណា ក្រោម​ម្លប់​ដ៏ត្រជាក់របស់ព្រះអង្គ ប្រជាពលករកម្ពុជារាប់សិបម៉ឺននាក់ ដែលកំពុងរស់​នៅ និងប្រកបការងារនៅប្រទេសថៃ បាននិងកំពុងទទួលការយកចិត្តទុក្ខដាក់ ថែទាំ និងរស់នៅពេញមុខពេញមាត់ ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាព​សុខដុមរម្យនា ។

សម្តេចរដ្ឋសភាធិបតី ក៏បានទូលថ្វាយព្រះអង្គ អំពីលទ្ធផលដ៏ថ្លៃថ្លានៃដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសថៃ ដោយ​រដ្ឋសភានៃប្រទេសទាំងពីរ បានឯកភាពគ្នា និងចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នា សំដៅជំរុញនិងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅ និងទូលំ​ទូលាយ​បន្ថែមទៀត នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅ​ចៅយូហួរ ព្រះមហាក្សត្រ ថៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ​លទ្ធផ​ល​​ដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ និងបានថ្វាយនូវព្រះរាជ​បណ្តាំសួរសុខ​ទុក្ខ និងជូនពរជ័យសព្វសាធុការថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា សូមប្រកបដោយកម្លាំង​ពលំ មាំមួន និងសុភមង្គលគ្រប់ទិនទិវាជានិរន្តរ៍ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner