ថៃហាមឃាត់ការប្រើប្លាស្ទិកនៅលើកោះទេសចរណ៍

បាងកក៖ ភ្ញៀវទេសចរទៅលេងកោះ Nang Yuan ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញនៅភាគខាងត្បូងប្រទេសថៃ នឹងមិនអនុញ្ញាតឱ្យនាំយកវត្ថុប្លាស្ទិក និងប្រអប់បាយ ឬចានស្នោរ មកកាន់កោះនេះទៀតនោះទេ។

ប្រជាជននៅលើកោះ Nang Yuan បានរក្សាទម្លាប់មិនប្រើវត្ថុប្លាស្ទិកជាច្រើនឆ្នាំមកហើយ ជាពិសេសផលិតផលប្រើប្រាស់តែម្តង។ ហើយឥឡូវនេះ អ្នកទេសចរក៏តម្រូវឱ្យធ្វើដូចគ្នាដែរ ដើម្បីថែរក្សាបរិស្ថានធម្មជាតិរបស់កោះ និងការពារផ្កាថ្មប៉ប្រះទឹក។ មានន័យថា ពួកគេមិនអាចយកដបទឹកជ័រមកកាន់ទីនោះបានទេ លុះត្រាតែវាជាដបដែលអាចកែច្នៃបាន។

ហើយក្នុងអំឡុងពេលស្នាក់នៅកោះនេះ ភ្ញៀវទេសចរនឹងត្រូវបានផ្តល់ជូនទឹកដបកែវជំនួសឱ្យដបប្លាស្ទិក ហើយពួកគេក៏ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ។ កោះ Nang Yuan មានកូនកោះចំនួនបី ដែលតភ្ជាប់ដោយខ្សាច់ស ហើយកោះនេះគឺជាកន្លែងមុជទឹកដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ដើម្បីទស្សនាផ្កាថ្មដ៏ស្រស់ស្អាត។

ក្នុងរដូវទេសចរណ៍កំពូល កោះ Nang Yuan បានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ភាគច្រើនជាភ្ញៀវទេសចរបរទេស ដែលចង់មុជទឹកមើលផ្កាថ្ម និងថតទេសភាពដ៏អស្ចារ្យនៅក្រោមទឹក។ យោងតាមប្រភពពីគេហទំព័រ the world travel guy បានឱ្យដឹងថា ដោយសារតែ Nang Yuan ជាកោះរមណីយដ្ឋានកម្មសិទ្ធិឯកជន ដូច្នេះការចូលទៅលេងកំសាន្តកោះនេះសម្រាប់ឆ្នាំ២០២៤ នឹងតម្រូវឱ្យភ្ញៀវទិញសំបុត្រ ក្នុងនោះ ៧ដុល្លារសម្រាប់មនុស្សចាស់ និង ៣ដុល្លារសម្រាប់កុមារ។

សូមរម្លឹកថា កន្លងមក ផ្កាថ្មប៉ប្រះទឹកនៅលើកោះ Nang Yuan បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះទីហ្វុង Gay ក្នុងខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបាតុភូត El Nino ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ប៉ុន្តែការស្ដារឡើងវិញនូវផ្កាថ្មប៉ប្រះទឹកបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់៕

ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner