ខ្វះទុន VinFast គ្រោងខ្ចីលុយធនាគារ ២៥០លានដុល្លារ បើករោងចក្រនៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីវៀតណាម VinFast ត្រូវការប្រាក់កម្ចីពីធនាគារប្រហែល ២៥៩លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការសាងសង់រោងចក្រដំឡើងឡានរបស់ខ្លួននៅទីក្រុង Subang ក្នុងប្រទេសឥណ្ឌូនេស៊ី។

ប្រភពសុំមិនបញ្ចេញឈ្មោះ បាននិយាយថា តំណាងក្រុមហ៊ុន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup JSC របស់វៀតណាម និងគ្រប់គ្រងដោយមហាសេដ្ឋី Pham Nhat Vuong បានទៅធនាគារក្នុងប្រទេសឥណ្ឌូនេស៊ី ពិភាក្សាជាលក្ខណៈឯកជន ជុំវិញការស្នើសុំប្រាក់កម្ចី។

ប្រភពបានបង្ហើបឱ្យដឹងថា ការពិភាក្សានោះ បានគូសបញ្ជាក់ពីមហិច្ឆិតានៃការចាប់ផ្តើមអាជីវកម្មនៅឥណ្ឌូនេស៊ី ដើម្បីពង្រីកតំបន់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីពិភពលោកផ្សេងទៀត។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន VinFast បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើក្រុមហ៊ុនកំពុងស្វែងរកប្រាក់កម្ចីពីធនាគារនោះទេ ប៉ុន្តែបាននិយាយថា ខ្លួនកំពុងថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវឱកាសទិញយកមូលធន។

គួរបញ្ជាក់ថា Vingroup ដែលជាក្រុមហ៊ុនមេរបស់ Vinfast បានកំណត់គោលដៅស្រូបទាញប្រាក់ចំណូលជាង ៧.៨ពាន់លានដុល្លារនៅឆ្នាំ ២០២៤នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមប្រភពពីសារព័ត៌មាន VNExpress៕


ប្រភព÷ yahoo ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner