ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។

ពិធីនេះត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

អនុស្សរណៈនៃការយោគយល់នេះធ្វើឡើងក្នុងគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេសពីសហគ្រិនខ្មែរ ដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត លើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា៖ “កិច្ចសហការរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងជួយឱ្យការរៀបចំសហគមន៍កសិកម្មទំនើបមានលក្ខណៈកាន់តែប្រសើរឡើងលើផ្នែកសហគ្រិនភាពនិងការគ្រប់គ្រង ព្រមទាំងផ្ដល់ទំនុកចិត្តដល់ការដាក់ទុនវិនិយោគបន្ថែម។”

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា “ការចុះហត្ថលេខានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម ក្នុងវិស័យកសិឧស្សាហកម្ម និងអភិវឌ្ឍជំនាញអាជីវកម្ម ដើម្បីលើកស្ទួយប្រព័ន្ធអេកូឡូស៊ីកសិឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន។”

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងបង្កើតក្រុមការងារកម្រិតជំនាញបច្ចេកទេសដើម្បីរៀបចំផែនការសកម្មភាព បង្កើតយន្តការវាយតម្លៃរួម ធ្វើបច្ចុប្បន្នភាព និងពិភាក្សាផ្ដល់យោបល់ក្នុងន័យធានាដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner