បណ្ឌិត គិន ភា៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម ជាផ្នែកមួយដ៏សំខាន់ពង្រឹងការទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានថ្លែងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាផ្នែកមួយដ៏សំខាន់ គឺនៅតែពង្រឹងការទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ លោកបន្តថា ក្នុងក្របខណ្ឌគណបក្សក៏នៅតែជាបញ្ហាសំខាន់ដែលប្រមុខដឹកនាំ នៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាក្នុងក្របខណ្ឌទំនាក់ទំនងរវាងគណបក្សនិងគណបក្ស ពីព្រោះយើងដឹងហើយថា នៅប្រទេសវៀតណាម គឺបក្សកុម្មុយនីស្តវៀតណាមដើរតួនាទីសំខាន់ក្នុងការដឹកនាំរដ្ឋ។ រីឯនៅប្រទេសកម្ពុជាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច។ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកាន់អំណាចនៅតែជាតួអង្គដ៏សំខាន់ក្នុងការគូសវៀសនយោបាយកម្ពុជាទាំងនយោបាយផ្ទៃក្នុង ទាំងនយោបាយការបរទេស ពីព្រោះវប្បធម៌នៃការដឹកនាំរបស់កម្ពុជាយើងដឹងហើយថា ទស្សនវិទ្យានយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ដូច្នេះតួអង្គសម្តេចតេជោនៅតែជាតួអង្គសំខាន់។

បណ្ឌិត គិន ភា បានបន្តថា បញ្ហាតំបន់ត្បិតសម្តេចតេជោ ហ៊ុន សែន ផ្តោតខ្លាំងទៅលើការទូតសភា ហើយលោកជឿជាក់ថា ក្នុងជំនួបទ្វេភាគីដាច់ដោយឡែករវាងសម្តេចតេជោ និងឯកឧត្តម តូ ឡឹម ពិតជានឹងបានពិភាក្សាគ្នាទៅលើបញ្ហាដែលមានសារៈសំខាន់ជាលក្ខណៈតំបន់និងពិភពលោក រាប់ទាំងបញ្ហាដែលកំពុងតែកើតមាននៅមីយ៉ាន់ម៉ាដែលអាចថា តើប្រទេសទាំងពីរអាចរួមគ្នាចែករំលែក ឬក៏រួមវិភាគទានបែបណាក្នុងការរកដំណោះស្រាយសម្រាប់ប្រក្រតីភាព នៃនយោបាយនៅមីយ៉ាន់ម៉ា។ បញ្ហាសមុទ្រចិនខាងត្បូងក៏ជារឿងមួយសំខាន់ ពីព្រោះតែងតែគ្របដណ្តប់ស្ទើរគ្រប់របៀបវារៈប្រជុំអាស៊ាន ក៏ដូចជាអាស៊ានបូក១ អាស៊ានបូក៣ និងវេទិកាតំបន់និងអន្តរជាតិដទៃទៀត ហើយបញ្ហាដែលមានកង្វល់ជារួមកម្រិតអន្តរជាតិផ្សេងៗទៀតដូចជា បញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន រវាងពួកហាមាស់ប៉ាឡេស្ទីនជាមួយនឹងអ៊ីស្រាអ៊ែល និយាយជារួមតំបន់មជ្ឈិមបូព៌ា នឹងបញ្ហាផ្សេងៗទៀតដែលមានជាកង្វល់រួម ហើយដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា នៅពេលដែលនិយាយពីទំនាក់ទំនងអន្តរជាតិ ឬក៏ទំនាក់ទំនងអន្តររដ្ឋ គឺផលប្រយោជន៍មានសារៈសំខាន់ណាស់ ផលប្រយោជន៍នៅទីនេះ អាចជាផលប្រយោជន៍ខាងនយោបាយ ផលប្រយោជន៍ខាងយុទ្ធសាស្ត្រ ផលប្រយោជន៍ខាងសន្តិសុខ និងផលប្រយោជន៍ខាងសេដ្ឋកិច្ច។ បើក្រឡេកមើលប្រទេសវៀតណាម ក្នុងទិដ្ឋភាពគោលនយោបាយការបរទេសវៀតណាម គឺគេបានអនុវត្តនៅគោលនយោបាយការបរទេស “ដើមឫស្សី” មានន័យថា គោលនយោបាយការបរទេស “ដើមឫស្សី” គឺព្យាយាមបត់បែនទន់ភ្លន់ទៅតាមស្ថានភាព ហើយព្យាយាមបម្រើផលប្រយោជន៍របស់វៀតណាម៕
ដោយ៖ពលជ័យ

ads banner