តាមប្រមាញ់រូបភាពតាមព្រៃភ្នំ ថតរូបសត្វកម្រៗ និងជីវចម្រុះ ដើម្បីបង្ហាញ​ពលរដ្ឋខ្មែរ និងពិភពលោកបានស្គាល់

(ភ្នំពេញ)៖ ការប្រមាញ់​រូបភាព​ដ៏កម្រ និងបង្ហាញពីភាពស្រស់ស្អាតទាំងសត្វ​ព្រៃ ជីវចម្រុះ និង ទេសភាពព្រៃភ្នំ ទាំងនេះ គឺកើតចេញពីការចង់ឱ្យពលរដ្ឋខ្មែរ​បាន​ស្គា​ល់​ពីរបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបានកំពុងបង្កប់​នៅតាម​ព្រៃភ្នំ ។ ការគាស់រំលើងឱ្យបានឃើញពីសត្វព្រៃកម្រៗ​កន្លងមកគឺត្រូវបាន”​ក្រុមអ្នក​ប្រ​មាញ់​រូបភាពជីវចម្រុះនៅកម្ពុជា” បង្ហោះតាមបណ្តាញសង្គម និងបានដាក់​តាំងបង្ហាញឱ្យឃើញបន្តបន្ទាប់។

រូបភាពទាំងនេះបាន បង្ហាញអំពីសត្វស្លាបដ៏ស្រស់ស្អាត រូបភាពដើមផ្កា ព្រៃប្រឹក្សា និងទេសភាពដ៏ស្រស់ត្រកាលតាមព្រៃភ្នំដែលបាន​បង្ហាញតាមរយៈ​ទំព័រ ហ្វេសប៊ុក ព្រមទាំងបណ្តាញផ្សព្វផ្សាយមួយចំនួនផង។

ក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជាបានឱ្យដឹងថា៖ រូបភាពអស្ចារ្យ និងបង្កប់ទៅដោយអត្ថន័យទាំងនេះមិនមែនបានដោយងាយៗនោះទេ តាមពិតវាត្រូវការតស៊ូ ចូលព្រៃភ្នំ ដេកក្នុងព្រៃ ឆ្លងកាត់ជ្រោះដងអូរ និងពេលខ្លះដេកសម្រាកត្រាំត្រែងក្នុងព្រៃរាប់ថ្ងៃ។

លោក លី សុវណ្ណា សមាជិកនៃក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះដែលបាន​មក​​ចូល​រួមក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថានចាប់ពីថ្ងៃ​ទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ដោយសារតែចិត្ត​ស្រឡាញ់សត្វស្លាប ពិសេសសត្វកម្រៗនៅកម្ពុជាទើបរូបលោក​បានស្ម័គ្រ​ចិត្ត​ចូលរួមថតរូបរយៈពេលជាង២ឆ្នាំមកនេះ ហើយបើគិតពីរូបសត្វ​ស្លាប​ប្លែកៗ​ពីគ្នាមិនតិចជាង ៣០០ទៅ ៤០០ប្រភេទទេ។ សម្រាប់ការថតរូបទៀតសោត​ដែលចង់បានរូបល្អៗក៏ត្រូវការផ្គួបផ្សំបទពិសោធន៍និង រួមផ្សំម៉ាស៊ីនថត និង​ឧបករណ៍ទំនើបៗផងដែរ។

លោក សួង ម៉ារឌី ដែលជាអ្នកប្រមាញ់រូបភាពស្ម័គ្រចិត្តដ៏សំខាន់មួយរូបទៀត​ស្ថិតក្នុងក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជានេះដែរបានឱ្យដឹងថា ៖ ក្រុមរបស់លោកមានសមាជិកចម្រុះគ្នាដែលបានបង្កើតក្រុមលើកដំបូងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ដោយដំបូងឡើយមានគ្នា៩នាក់ ហើយរហូតមកដល់​ពេល​នេះ​មានគ្នាចំនួនសរុបជាង ៣០នាក់។ សម្រាប់គិតរហូតមកដល់​ពេល​នេះ​សត្វស្លាប​លោកថតបានចំនួនជាង៣០០ប្រភេទក្នុងចំណោមសត្វជាង ៦០០ប្រភេទនៅកម្ពុជា។

តាមរយៈការថតរូបភាពនេះដែរត្រូវបានលោក សួង ម៉ារឌី បានឱ្យដឹងថា នៅ​បរទេសគេមានអ្នកថតបែបនេះច្រើនតែសម្រាប់នៅកម្ពុជាយើងគឺមានតិចតួចបំផុត ហើយពេលនេះក្រុមលោកបាននិងកំពុងខិតខំ​យ៉ាងណាដើរ​ប្រមាញ់​រូប​ភាពមកបង្ហាញ ដើម្បីឱ្យពិភពលោកបានស្គាល់ពីសត្វព្រៃក៏ដូចជាជីវចម្រុះ​នៅ​កម្ពុជា ដែលជាផ្នែកមួយសម្រាប់ទាក់ទាញលើវិស័យទេសចរណ៍ផងដែរ ។

ក្នុងនាមជាអ្នកប្រមាញ់រូបភាពស្ម័គ្រចិត្ត លោក សួង ម៉ារឌីបានឱ្យដឹងផងថា ៖ ឆ្លងកាត់ការដើរប្រមាញ់រូបភាពកន្លងមករូបលោកជួបឧបសគ្គច្រើនរាប់មិនអស់ ពិសេសការសម្រាកតាមព្រៃភ្នំ និង ការដើរផ្សងព្រេងគ្រប់ទីកន្លែងដើម្បីព្រោះ​តែបានរូបភាព។

លោកបានប្រាប់ឱ្យដឹងបន្ថែមថា៖សម្រាប់រូបភាពនីមួយៗដែលថតបានចាំបាច់​ត្រូវតែមានម៉ាស៊ីនថតបែបទំនើប និងភាពប៉ិនប្រសព្វក្នុងការថតរួមផ្សំ។សម្រាប់រូបភាពសត្វព្រៃពិសេសសត្វស្លាបត្រូវការប្រើពេលខ្លីបំផុតដើម្បីចាប់រូបភាពបានស្រស់ស្អាតបំផុត ។ រូបភាពកម្រខ្លះនៅពេលថតបានត្រូវចាត់ទុកថា សំណាងពីព្រោះថា សកម្មភាពរបស់សត្វ និងបូករួមផ្សំជាមួយទេសភាព​គឺជា​ការពិបាកបំផុតក្នុងការថតបានរូបដ៏អស្ចារ្យបានខ្លាំងណាស់។

លោកបានបញ្ជាក់ប្រាប់ដែរថាក្នុងចំណោមសមាជិកក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជាទាំងអស់ម្នាក់ៗថតរូបបានមិនតិចជាង៣០០ទៅ៥០០រូបទេ។រូបទាំងអស់សុទ្ធមានគុណភាព និងរូបសត្វ រុក្ខជាតិប្រភេទខុសៗគ្នា។

គួរបញ្ជាក់ថាបើយោងតាមរបាយការណ៍ក្រសួងបរិស្ថានបានឱ្យដឹងនាកកន្លងមកថា៖កម្ពុជាសម្បូរទៅដោយ សក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប។នៅ​ភាគ​ខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃ​ស្រោង​កំពុង​គ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេ​មេគង្គ។ តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈ​ចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០​ប្រ​ភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ ជាដើម ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួងពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner