ផ្ទះថ្មីទី៩៣របស់សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយថែមទាំងពិការនៅស្រុកពួក

សៀមរាប៖ដោយធ្វើដំណើរតាមគោយន្តកាត់តាមផ្លូវលំក្នុង​លង្វែក​ទ្រូងព្រៃ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុ​ប្រធាន​គណៈ​កម្មាធិការ​សាខាខេត្តសៀមរាបនិងមន្រ្តីក្រុម​ការងារបានអញ្ជើញចុះប្រគល់ផ្ទះទី៩៣ ជាអំណោយ​សាខា​កាកបាទក្រហមកម្ពុជា ជូនអ្នកស្រី ឡាច ពៃ ជាស្រ្តីមេម៉ាយ​ពិការជើង មានជីវភាពក្រីក្រ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។ក្នុងឱកាសនេះក៏មានការចែក​អំណោយដល់ចាស់ជរាប្រុសស្រីចំនួន៥០នាក់ផងដែរ។

អាន ក្នុងពិធីកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ អ្នកមីង ឡាច ពៃ អាយុ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយពិការជើង​ខាងស្តាំ រស់នៅ​ជាមួយ​កូនស្រីម្នាក់ឈ្មោះចាន់ តារា អាយុ១៣ឆ្នាំរៀនថ្នាក់ទី៧នៅអនុវិទ្យាល័យប៊ូយ៉ុងដូនកែវ បានឱ្យដឹងថា គ្រួសារអ្នកស្រី​មាន​ជីវភាព​ក្រីក្រ ។ពុំមានដីស្រែ, គ្មានមុខរបរ ។សព្វថ្ងៃរស់នៅដោយ​អង្កររបបរបស់កូន ជា​សិស្សក្រីក្រឧបត្ថម្ភដោយសប្បុរសជនកូរ៉េ ២៥គីឡូ​ក្រាមក្នុង​មួយខែ និងបណ្ណក្រ១ ដែលទទួលបានប្រាក់មូល​និធិសមធម៌ របស់រាជរដ្ឋាភិបាលមួយខែចំនួន១៥៦.០០០រៀល។អ្នកស្រីបន្តថាមុនទទួលបានផ្ទះថ្មី អ្នកស្រីនិងកូនរស់នៅក្នុង​ខ្ទមកម្សត់ផ្ទាល់ដីជាអតីតរោងគោទំហំ៣,៥ម៉ែត្រគុណនឹង៤,៥ម៉ែត្រ ដំបូលប្រក់​កៅស៊ូតង់ ជញ្ជាំងបាំងស្លឹកត្នោតតែមួយជ្រុង ខាងគ្រែសម្រាកតែប៉ុណ្ណោះ ។

ក្នុងឱកាសនៃការប្រគល់ផ្ទះសង់ថ្មីលោកជំទាវ ទុយ ជិ ប្រាក់​សោភ័ណ បានរំលឹកថាដោយមើលឃើញពីការលំបាករបស់​ស្រីពិការនិងបានព្យាយាមឱ្យកូនបានរៀនសូត្រ​ផង សាខាកាក​បាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមការដឹកនាំប្រកប​ដោយ​ការគិតគូរ​និង​អាណិតអាសូរដោយគ្មានការរើសអើងរបស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងសង់ផ្ទះ​ថ្មីទី៩៣ នេះជូនអ្នកស្រី ឡាច ពៃ ។ដោយមានលក្ខខណ្ឌសមហេតុផលខាងអាជ្ញាធរជាតិអប្សរាក៏​បានឯកភាពឱ្យសាងសង់ផ្ទះនេះ។ផ្ទះមានទំហំ៦ម៉ែត្រ គុណ​នឹង ៦ម៉ែត្រ មានពីរបន្ទប់ ,ដំបូលប្រក់ស័ង្កសីភ្លឺក្បឿង ជញ្ជាំង​ស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥០ម៉ែត្រ និងចាក់សាបជុំវិញ​ទទឹង០.៥០ម៉ែត្រ ។

លោកជំទាវបន្តថា ចំណាយលើការសាងសង់ផ្ទះចំនួន ៣ ៨០០ ដុល្លារអាមេរិក ដែលជាថវិកាបរិច្ចាគរបស់ឯកឧត្តម​បណ្ឌិត ហ៊ី វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រាបុត្រី ។ដោយឡែកក្នុងពិធីប្រគល់ផ្ទះក៏មានអំណោយមួយចំនួនសម្រាប់ម្ចាស់ផ្ទះ​មាន អង្ករ៦០គីឡូក្រាម មីមួយកេស ឃីតពីរកញ្ចប់ ត្រីខមួយយួរ ទឹកត្រីមួយយួរ ឆ្នាំង ចាន ស្លាបព្រា ធុងទឹកតូច ធុងធំ ធុងទឹកកក និងសម្ភារមួយចំនួនព្រមទាំងថវិកាបួន​សែនរៀល។ចាស់ជរាប្រុសស្រីទាំង៥០នាក់ទទួលបានអង្ករ អំបិល មី យឺតមួយកញ្ចប់​ត្រីខ និងថវិកាមួយចំនួន៕
ដោយ៖ ប៊ុន រដ្ឋា

ads banner