ឯកឧត្តម កែវ ពិសិដ្ឋ៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី នៅថៃ គឺជាទស្សនកិច្ចជាប្រវត្តិសស្ត្រ នៃទំនាក់ទំនងការទូតថ្មីរវាងកម្ពុជា និងថៃ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៃព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ គឺបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទន និងជាដំណើរទស្សនកិច្ចមួយដែលជាប្រវត្តិសស្ត្រ នៃទំនាក់ទំនងការទូតថ្មីរវាងកម្ពុជា និងថៃ។

ឯកឧត្តម កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាអនុប្រធានក្រុមអ្នកនាំពាក្យរដ្ឋសភា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១២ ខែកក្កដានេះថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ គឺជាដំណើរទស្សនកិច្ចមួយដែលជាប្រវត្តិសស្ត្រ នៃទំនាក់ទំនងការទូតថ្មីរវាងកម្ពុជា និងថៃ។ ដោយមានសកម្មភាពជាច្រើនក្នុងការបន្តពូនជ្រុំពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់តែស៊ីជម្រៅឡើងថែមទៀត ក៏ដូចជាការចូលរួមពង្រឹងចំណងមិត្តភាពអ្នកជិតខាងល្អ មិត្តជាប្រពៃណី និងភាពជាយុទ្ធសាស្ត្រយកប្រជាជនជាស្នូលដើម្បីវឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជាជននិងប្រជាជាតិនៃប្រទេសទាំងពីរ។

ឯកឧត្តម កែវ ពិសិដ្ឋ បានបន្តថា ទស្សនកិច្ចផ្លូវការរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី គឺបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគី និងទទួលបានលទ្ធផលជាផ្លូវការគួរជាទីមោទន។ ដោយសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់។ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។ ដោយភាគីទាំងពីរបានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសទំនាក់ទំនងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ រដ្ឋសភាទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា គឺកម្រិតរដ្ឋសភានឹងកម្រិតអគ្គលេខាធិការដ្ឋាន៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner