ប្រមុខរដ្ឋវៀតណាម បានអញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ

(ភ្នំពេញ)៖ ឯកឧត្តម តូ ឡឹម (To Lam) ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង ។

ឯកឧត្តមប្រធានរដ្ឋ តូ ឡឹម គ្រោងនឹងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈជំនួបទាំងនេះ ត្រូវបានរំពឹងថា នឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។

ឯកឧត្តមប្រធានរដ្ឋ គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម ។ ឯកឧត្តម តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមពីសម្តេចកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមផងដែរ ។

គួរជម្រាបថា ឯកឧត្តម តូ ឡឹម ជាអតីតរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៤ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner