៥០ថ្ងៃកាត់ទោសក្មេងទំនើងបានចំនួន ១,៦១៦នាក់ (Video Inside)

ក្រសួងយុត្តិធម៌បានថ្លែងថា ក្នុងរយៈពេល៥០ថ្ងៃកន្លងមកនេះ សំណុំរឿងក្មេងទំនើង ដែលត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី និងខេត្តទូទាំងប្រទេស បានចាត់ការមានសរុបជិត ៣០០ករណី។

ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ឧសភា បានដាក់ចេញនូវបទបញ្ជាបង្ក្រាបករណីក្មេងទំនើង ចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

សម្តេចធិបតីនៅបានដាក់បទបញ្ជាត្រូវរៀបចំដោយម៉ឺងម៉ាត់ ជាមួយនឹងការរៀបចំវិន័យដ៏តឹងតែង ដើម្បីអប់រំក្មេងទំនើងឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

សេចក្តីរាយការណ៍នៅតែបង្ហាញថា ក្នុងរយៈពេលបង្ក្រាបប្រមាណ ៥០ថ្ងៃរូចមកនេះ ស្ថានភាពក្មេងទំនើង បើទោះបីជាមានការធ្លាក់ចុះ ប៉ុន្តែនៅមិនទាន់អស់នៅឡើយទេ។

ក្រសួងយុត្តិធម៌បានថ្លែងថា «គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ មកទល់ពេលនេះ «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានទទួលសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៩៧ ដែលមានជ័យសង្ស័យចំនួន ១ពាន់ ៦១៦នាក់ ជាកម្មវត្ថុ នៃការអនុវត្តវិធានការតាមផ្លូវច្បាប់»។

ក្រសួងយុត្តិធម៌បានអំពាវនាវឱ្យឱពុកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ខិតខំតាមដានអប់រំ និងទូន្មានប្រៀនប្រដៅកូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ សម្រាប់សង្គមជាតិ និងអំពាវនាវដល់យុវជនទាំងអស់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ឬអំពើល្មើសច្បាប់ ដែលអាចប្រឈមនឹងការជាប់ទោស ពីបទល្មើសព្រហ្មទណ្ឌ។

ads banner