សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើការរួមគ្នាជារឿងសំខាន់ ពិសេស ការបន្តកិច្ច​សហប្រតិបត្តិការរវាងប្រទេសជិតខាង ដើម្បីជំរុញកិច្ចសហការល្អបន្តទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សភាពការណ៍​ពិភព​លោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជា​រឿង​សំខាន់ ជាពិសេស ការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង​ទាំង​៣ ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នក​ជិតខាងល្អបន្តទៀត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់​ដូច្នេះ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសទទួលជួប​សវនាការជា​មួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម មកកាន់ កម្ពុជា និងបានអបអរ​សាទរជាថ្មីចំពោះការតែងតាំងឯកឧត្តម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំង​ពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម ។

សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិង​ជិត​ស្និទ្ធិ​រវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាព​ជាអ្នកជិត​ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង»។

ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេច សាជាថ្មី ដែលកាលពីខែមករាកន្លងទៅនេះ ឯកឧត្តម ទើបតែបាន​អញ្ជើញ​មកបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។

ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី ប្រធានសភាវៀតណាម និងបានជូនពរសម្តេច ចំពោះថ្ងៃខួប​កំណើតនាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅជូនចំពោះប្រតិភូវៀតណាមទាំងមូល។

ឯកឧត្តម បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះ​ត្រចង់​នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និង អបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។

ឯកឧត្តម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន​និងឆាប់រហ័ស​របស់​កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និង​នាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ឯកឧត្តមប្រធានរដ្ឋ មានជំនឿថា កម្ពុជា នឹងអាចសម្រេចបាន​នូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិត​ខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រ​ទេស​​​វៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និង កិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

ឯកឧត្តមប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគី ​និង​កិច្ច​សហប្រតិបត្តិការនានាដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជា​ពិ​សេស ការជម្រុញ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។

ឯកឧត្តម ក៏បា​នគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយ​សង្ឃឹម​ថា សម្តេចតេជោ នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ​នៅប្រទេសវៀតណាមក្នុងវេលាសមស្របណាមួយនាពេលអនាគត។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះសារសួរសុខទុក្ខ​របស់ ឯកឧត្តម អគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី ប្រធានសភា វៀតណាម និង សារពរជូនថ្ងៃកំណើតរបស់សម្តេច។

សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និង បានលើកឡើងថា ក្រោម ការ ដឹកនាំ ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេស​វៀតណាម នឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្ម​នៅ​ឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូល​មធ្យមកម្រិតខ្ពស់។ វៀតណាម នឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និង អភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ។

សម្តេចបានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួល​រំលំរបបប៉ុលពត ដែល ខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើ​ដំ​ណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំ​វៀត​ណាម បានរំលឹកពីជំនួយរបស់កម្ពុជាក្នុងការជួយបង្រួបបង្រួម​ជាតិវៀតណាម​ផងដែរ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពទទួលយកការអញ្ជើញរបស់ ឯកឧត្តម ប្រធានរដ្ឋ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ និងបានជូនពរ ឯកឧត្តម និងគណៈប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner