មេដឹកនាំគណបក្សនយោបាយគាំទ្រយ៉ាងពេញទំហឹងការរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រសួងបរិស្ថាន

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តំណាងឱ្យគណបក្សកម្លាំងប្រជាធិបតេយ្យ យល់ឃើញថា ការរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ក៏ដូចជាការចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងបរិស្ថាន គឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្ត្រមួយស្របតាមមុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជាយុទ្ធសាស្ត្ររៀបចំឡើងដើម្បីឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តមបានបន្តថា យុទ្ធសាស្ត្រនេះ លោកសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាចូលរួមការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដើម្បីឆ្ពោះទៅរកការសម្រេចឱ្យបាននៅការអភិវឌ្ឍប្រកបដោយអព្យាក្រឹតមួយ។ គោលនយោបាយដ៏ល្អរបស់ក្រសួងបរិស្ថាននេះ យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នាការពារធម្មជាតិរបស់យើង ជីវៈចម្រុះរបស់យើងទាំងអស់ដែលមាននៅក្នុងធម្មជាតិត្រូវតែការពារ ក៏ដូចជាអភិរក្ស និងចូលរួមការដាំដុះបន្ថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជារបស់យើងមានផ្ទៃបៃតងស្រស់បំព្រង។ ទាំងអស់នេះ វាគឺជាការអនុវត្តនៅអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ការរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយ ក៏ដូចជាការចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងបរិស្ថាន គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគោលនយោបាយរបស់ក្រសួងបរិស្ថាន និងមានការចូលរួមពីដៃគូពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងនាមកម្ពុជាជារដ្ឋភាគី ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការពារធនធានធម្មជាតិ ដើម្បីឆ្ពោះទៅសម្រេចការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលរៀបចំដោយក្រសួងបរិស្ថាន មានចែកកូនឈើជាច្រើនប្រភេទ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺស្អាត បៃតង និងចីរភាព។ ម្យ៉ាងវិញទៀត ក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា និងនិន្នាការបរិស្ថានពិភពលោក ក្នុងកិច្ចការពារថែរក្សា អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព ព្រមទាំងជាការជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងបរិស្ថាន

ads banner