ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ«ពន្លកបៃតង» បានបណ្ដុះគំនិត ពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិព័រណ៍«ពន្លកបៃតង» ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ធ្វើឡើងនៅកម្ពុជាជាលើកដំបូង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រហូតមកទល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចែកកូនឈើជូនប្រជាពលរដ្ឋទៅដាំបាន ចំនួនជាង ៩២ ម៉ឺនដើម ។ ឯកឧត្តមមានប្រសាសន៍ថា នេះជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។

បើតាមប្រសាសន៍ឯកឧត្តម គឺឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានី ខេត្ត ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន ១០លានដើម ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រឡាញ់ដើមឈើ។កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង បានចែកឲ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា នៅរាជធានីភ្នំពញ និងនៅតាមមន្ទីរបរិស្ថានរាជធានី និងខេត្តនានា ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ខណៈ ដែលក្រសួងបរិស្ថាន បានបណ្តុះកូនឈើ បានជាង ១,៣លានដើម ចាប់តាំងពីការដាក់ចេញយុទ្ធនាការ ចែកកូនឈើជូនប្រជាពលរដ្ឋ យ៉ាងតិច១លានដើម នៅក្នុងឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យកដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សាឆ្នាំ២០២៤នេះ ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឲ្យ បាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner