មនុស្ស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅរុស្ស៊ី

មូស្គូ៖ យន្តហោះខ្នាតតូចមួយគ្រឿងផ្ទុកមនុស្សបីនាក់ បានជួបប្រទះគ្រោះថ្នាក់ធ្លាក់នៅក្នុងព្រៃមួយកន្លែង ស្ថិតនៅក្បែររដ្ឋធានីមូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យអ្នកជិះនៅលើយន្តហោះទាំងអស់បាត់បង់ជីវិត នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន TASS បានចេញផ្សាយថា យន្តហោះដឹកអ្នកដំណើរ Sukhoi Superjet 100 នេះ ផលិតឡើងដោយរុស្ស៊ីផ្ទាល់ ហើយកំពុងស្ថិតក្នុងការសាកល្បងហោះហើរ បន្ទាប់ពីបានធ្វើការជួសជុលតាមកាលវិភាគ ហើយបានធ្លាក់មួយម៉ោងក្រោយការហោះហើរ។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា យោងតាមព័ត៌មានបឋម មនុស្សជិះយន្តហោះបីនាក់បានស្លាប់ទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានឲ្យដឹងទៀតថា យន្តហោះនេះមានគោលដៅធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Vnukovo នៃទីក្រុងមូស្គូ។

ទីភ្នាក់ងារសារព័ត៌មាន RIA ក៏បានរាយការណ៍ដែរថា យន្តហោះនេះបានធ្លាក់នៅក្នុងតំបន់ព្រៃមួយកន្លែងនៃសង្កាត់ Kolomensky ដែលជាទីតាំងមួយមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីមូស្គូ។ គិតមកទល់ពេលនេះ អ្នកស៊ើបអង្កេតរុស្ស៊ីកំពុងបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner