ចិន និងរុស្ស៊ីធ្វើសមយុទ្ធយោធារួមគ្នា ស្ថិតក្រោមក្រសែភ្នែកប្រទេសលោកខាងលិច

មូស្គូ៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី នៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសរបស់ខ្លួន បន្ទាប់ពីសម្ព័ន្ធមិត្តការពារជាតិលោកខាងលិចដឹកនាំដោយអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ហើយជប៉ុនបានព្រមានអំពីការគំរាមកំហែងកាន់តែខ្លាំងឡើង ពីទំនាក់ទំនងដ៏រឹងមាំរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងមូស្គូ។

ក្រសួងការពារជាតិចិនបានបញ្ជាក់ថា យោធាចិន និងរុស្ស៊ីបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា Joint Sea-2024 កាលពីដើមខែកក្កដា ហើយនឹងបន្តរហូតដល់ពាក់កណ្តាលខែកក្កដា។

ក្រសួងការពារជាតិចិនបន្ថែមថា សមយុទ្ធនៅក្នុងដែនទឹក និងដែនអាកាសជុំវិញទីក្រុង Zhanjiang ខេត្ត Guangdong ភាគខាងត្បូង គឺដើម្បីបង្ហាញពីការតាំងចិត្ត និងសមត្ថភាពនៃភាគីទាំងពីរ ក្នុងការដោះស្រាយរួមគ្នាចំពោះការគំរាមកំហែងសន្តិសុខសមុទ្រ និងរក្សាសន្តិភាព រួមទាំងស្ថិរភាពនៅលើពិភពលោក និងក្នុងតំបន់។

សមយុទ្ធនេះដែរ ក៏នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី សម្រាប់សម័យកាលថ្មី។ ក្រៅពីធ្វើសមយុទ្ធជាមួយរុស្ស៊ី កងកម្លាំងចិនក៏កំពុងធ្វើសមយុទ្ធនៅសប្តាហ៍នេះជាមួយបេឡារុស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ីផងដែរ ស្ថិតនៅព្រំដែនភាគខាងកើតរបស់អង្គការណាតូ។

ទំនាក់ទំនងចិន-រុស្ស៊ីកាន់តែរឹងមាំក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាត់ទុកមិត្តភាពរបស់ពួកគេថា គ្មានដែនកំណត់ ខណៈភាគីទាំងពីរមានទំនាក់ទំនងអរិភាពជាមួយណាតូ។

មេដឹកនាំណាតូនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះ បានចោទថា ចិនបានក្លាយជាអ្នកជួយដ៏សំខាន់ទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទោះបីជាយ៉ាងណា ចិនបានច្រានចោល និងអះអាងថា ខ្លួនមិនមែនជាភាគីនៃជម្លោះអ៊ុយក្រែនទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner