ប្រធានរដ្ឋវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញាណខ័ននៅវិមានឯករាជ្យ មណ្ឌមព្រះបរមរូបសម្ដេចព្រះបរមរតនកោដ និងស្តូបមិត្តភាពកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញបន្តបំពេញទស្សនកិច្ចផ្លូវរដ្ឋថ្ងៃទី២ នៅព្រះរាជាណាចក្រកម្ពុជា ដោយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញាណខ័ននៅវិមានឯករាជ្យ មណ្ឌមព្រះបរមរូបសម្ដេចព្រះបរមរតនកោដ និងស្តូបមិត្តភាពកម្ពុជា-វៀតណាម ។

ឯកឧត្តម តូ ឡឹម (To Lam) ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម បានអញ្ជើញចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង ។

ឯកឧត្តមប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម មកកាន់កម្ពុជា និងបានអបអរសាទរជាថ្មីចំពោះការតែងតាំងឯកឧត្តម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម។

សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធិរវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សភាពការណ៍ពិភពលោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេស ការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត ។
 
ឯកឧត្តមប្រធានរដ្ឋ បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ហើយមានជំនឿថា កម្ពុជា នឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និង កិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

ឯកឧត្តមប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស ការជម្រុញ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត ។

បន្ទាប់មក នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដោយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រទានជូនជាកិត្តយស នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ។

សូមបញ្ជាក់ដែរថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃនេះ ប្រធានរដ្ឋវៀតណាម ឯកឧត្តម តូ ឡឹម ក៏អញ្ជើញជួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ខណៈជំនួបទាំងនេះ ត្រូវបានរំពឹងថា នឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។

ឯកឧត្តមប្រធានរដ្ឋ ក៏ទទួលការចូលជួបសម្តែងការគួរសមពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា វៀតណាមផងដែរ ។

គួរជម្រាបថា ឯកឧត្តម តូ ឡឹម ជាអតីតរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៤ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner