នេប៉ាល់បន្តស្វែងរកមនុស្សបាត់ខ្លួន ៦៣នាក់ ក្រោយឡានក្រុងរអិលចូលទន្លេ

កដ្ឋមណ្ឌូ៖ ក្រុមជួយសង្គ្រោះនេប៉ាល់បានបន្តប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកមនុស្សយ៉ាងហោចណាស់ ៦៣នាក់ដែលបាត់ខ្លួន បន្ទាប់ពីភ្លៀងមូសុងបានបង្កឱ្យមានការរអិលបាក់ដី នាំយកឡានក្រុងពីរគ្រឿងចេញពីផ្លូវហាយវេធ្លាក់ចូលទៅក្នុងទឹកទន្លេ។

ភ្លៀងមូសុងបានបង្កឱ្យកើតមានការរអិលបាក់ដីវាយប្រហារចំឡានក្រុងពីរគ្រឿង បណ្តាលឱ្យធ្លាក់ចេញពីផ្លូវហាយវ៉េចូលទៅក្នុងទឹកទន្លេ កាលពីថ្ងៃសុក្រ ហើយជាលទ្ធផលនោះ មនុស្សចំនួន ៦៣នាក់កំពុងបាត់ខ្លួននៅឡើយ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ឡានក្រុងពីរគ្រឿងផ្ទុកមនុស្សសរុប ៦៦នាក់ ប៉ុន្តែអ្នកដំណើរ ៣នាក់អាចគេចចេញបាន មុនពេលឡានធ្លាក់ទៅក្នុងទឹកទន្លេ ទ្រីស៊ូលី។

គិតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើងស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងបន្តបាត់។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ឧប្បទ្ទវហេតុនេះកើតឡើងនៅផ្លូវហាយវ៉េមួយកន្លែង ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីកដ្ឋមណ្ឌូ កាលពីវេលាម៉ោង ៣និង៣០នាទីទាបភ្លឺថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។

គួរកត់សម្គាល់ថា គ្រោះថ្នាក់បង្កឱ្យមានមនុស្សស្លាប់ គឺតែងតែកើតមាននៅប្រទេសនេប៉ាល់ ដោយសារតែផ្លូវមានសភាពចាស់ទ្រុពទ្រោម ឡានសេរីចាស់ៗ និងការធ្វេសប្រហែសក្នុងការបើកបរ។ ជាក់ស្តែង ទិន្នន័យរបស់រដ្ឋាភិបាលនេប៉ាល់បានឱ្យដឹងថា មនុស្សជាង ២,៤០០នាក់បានស្លាប់ ក្នុងរយៈពេល ១២ខែ គិតមកទល់ខែមេសា ឆ្នាំ២០២៤នេះ ដោយសារតែគ្រោះថ្នាក់ចរចរណ៍តាមដងផ្លូវ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner