កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព នា​ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស​ទាំងពីរ ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាមបាននាំនូវ​ការផ្តាំ​ផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ផាម មិញជិញ នាយក​រដ្ឋមន្ត្រី​វៀតណាមនិងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណ​រដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចធិបតីផងដែរ។

ក្នុងជំនួបពិភាក្សានេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យ​ទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត ,(២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជា​ដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវ​សកម្មភាព​សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន, (៣) កិច្ចសហ​ប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយ​បន្តពង្រឹងកិច្ច​សហ​ប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន​កម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែក​ព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការ​ជួញដូរ​មនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធ​អនឡាញ, (៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការ​បន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីក​ជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ)
និង (៥) កិច្ចការ​ព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការ​បោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សា​ដើម្បីឈានទៅសម្រេចបាននូវការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦% តាមរយៈការធ្វើការរួមគ្នា​ដោះ​ស្រាយ​លើតំបន់ព្រំដែនគោក ៦%ជាមុន និង១០% បន្តបន្ទាប់​ទៀត។

ឯកឧត្តមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះកម្ពុជា ដែល​សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមម្លប់​ដ៏ត្រជាក់របស់អង្គព្រះ​មហាក្សត្រ និងក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច​ធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហើយសង្ឃឹមថាប្រទេស​កម្ពុជានឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាន​នូវចក្ខុ​វិស័យ​ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តមប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទៅ​មុខឱ្យ​បានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌​ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍​ចំពោះឯកឧត្ដម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ ព្រមទាំង​បានបញ្ជាក់ថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរក្នុងកំឡុងពេល ៥៧ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ​បានបន្តនូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមាន​ការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រ​តិបត្តិការរវាងកម្ពុជា និងវៀតណាម៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner