ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បន្តចុះពិនិត្យការផ្ទុះរាលដាលរុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់នៅស្រុកបី ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្រ្តីជំនាញបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវពីសំណាក់រុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ នៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អភិបាលរងខេត្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ។

ឯកឧត្តមប្រតិភូររាជរដ្ឋាភិបាល បានលើកឡើងថា ការបន្តចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាត និងបំផ្លាញដំណាំស្រូវពីរុយស ដង្កូវមូរស្លឹក និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃទាំងនោះ និងនាំយកដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់រុយស និងដង្កូវមូរស្លឹកជូនប្រជាពលរដ្ឋដែលស្រូវរបស់ពួកគាត់រងការបំផ្លាញពីពពួកសមាសភាពចង្រៃទាំងនោះ និងផ្ដល់បច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស ដែលអាចកម្ចាត់សមាសភាពចង្រៃជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវរុយស និងដង្កូវមូរស្លឹកនៅឡើយ។ ជាក់ស្តែងបញ្ហារុយស និងដង្កូវមូរស្លឹកបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់នៅខេត្តព្រៃវែង ជាពិសេសនៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំជាច្រើនហិកតា។ ឯកឧត្តមបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ រុយស និងដង្កូវមូរស្លឹកអាចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករមិនខាន។

ឯកឧត្តមបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយស និងដង្កូវមូរស្លឹក កំពុងបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់រុយស និងដង្កូវមូរដើមនោះឱ្យទាន់ពេលវេលា៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner