លោក បៃដិន ដឹកនាំការថ្កោលទោសករណីបាញ់ប្រហារលើលោក ត្រាំ ក្នុងនោះម្នាក់ស្លាប់
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក Joe Biden បានដឹកនាំការថ្កោលទោស បន្ទាប់ពីគូប្រជែងបោះឆ្នោតរបស់គាត់ គឺលោក Donald Trump បានរងរបួសនៅក្នុងករណីបាញ់ប្រហារនៅឯពិធីជួបជុំដ៏ធំមួយនៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិចម្នាក់ផងដែរ។
លោក Biden បាន បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទបន្ទាន់នៅឆ្នេរ Rehoboth ក្នុងរដ្ឋ Delaware ថា គ្មាន កន្លែងនៅអាមេរិក សម្រាប់អំពើហិង្សា បែបនេះទេ វាឈឺចាប់… ហើយវាក៏ជា ហេតុផលមួយ ដែលយើងត្រូវរួបរួមគ្នាផងដែរ។
លោក Biden បានសង្កត់ធ្ងន់ថា អំពើហិង្សានយោបាយ ឬអំពើហិង្សានៅអាមេរិកបែបនេះ គឺជារឿងមិនអាចទទួលយកបានទេ ដូច្នេះអ្នកគ្រប់គ្នាត្រូវតែថ្កោលទោសវាជាដាច់ខាត។ លោក Biden ក៏សង្ឃឹមដែរថា នឹងទៅសួរសុខទុក្ខលោក Trump ក្នុងពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មាន CNN បានចេញផ្សាយនាព្រឹកថ្ងៃទី១៤ ខែកក្កដាថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងការបាញ់ប្រហារ ខណៈកំពុងឡើងថ្លែងនៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា