យូអិនព្យាករថា ចំនួនប្រជាជនពិភពលោកនឹងកើនដល់ជាង ១០ពាន់លាននាក់នៅឆ្នាំ ២០៨០
ព្រុចសែល៖ អង្គការសហប្រជាជាតិបាននិយាយថា ចំនួនប្រជាជននៅលើផែនដី នឹងឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៨០ ដល់ប្រហែល ១០.៣ពាន់លាននាក់។
យោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ មានចំណងជើងថា “ទស្សនវិស័យចំនួនប្រជាជនពិភពលោកឆ្នាំ ២០២៤” បាននិយាយថា ប្រជាជនទូទាំងពិភពលោកបច្ចុប្បន្នមានចំនួន ៨.២ពាន់លាននាក់ ដែលនឹងកើនឡើងដល់ចំនួនអតិបរមាក្នុងរយៈពេល ៦០ឆ្នាំខាងមុខ ដល់ ១០.២ពាន់លាននាក់។ របាយការណ៍ដដែលបន្តថា ទំហំចំនួនប្រជាជនពិភពលោកក្នុងឆ្នាំ ២១០០ ត្រួវបានគេព្យាករថា នឹងធ្លាក់ចុះទាបជាង ៦ភាគរយ ឬប្រហែល ៧០០លាននាក់ ពោលគឺតិចជាងអ្វីដែលបានរំពឹងទុកនៅក្នុងខែមិថុនា ឆ្នាំ ២០១៣។
របាយការណ៍ដដែលបន្ថែមថា ច្រើនជាងមួយភាគបួន ឬប្រហែល ២៨ភាគរយនៃចំនួនប្រជាជនពិភពលោក ឥឡូវនេះរស់នៅក្នុងប្រទេសមួយចំនួន ក្នុងចំណោម ៦៣ប្រទេស ឬតំបន់ដែលមានចំនួនប្រជាជនបានឡើងដល់កំពូលរួចទៅហើយ ក្នុងនោះរួមមានប្រទេសចិន រុស្ស៊ី ជប៉ុន និងអាល្លឺម៉ង់។ ប្រទេសជិត ៥០ផ្សេងទៀតគួរតែចូលរួមជាមួយក្រុមប្រទេសទាំងនោះ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ រួមទាំងប្រេស៊ីល អ៊ីរ៉ង់ និងតួកគី។
អង្គការសហប្រជាជាតិបានព្យាករថា កំណើនប្រជាជននឹងបន្តកើនឡើងនៅក្នុងប្រទេសជាង១២០ លើសពីការរំពឹងទុកនៅឆ្នាំ ២០៥៤ ក្នុងនោះរួមមានប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។ រីឯការព្យាករពីការកើនឡើងនៃអាយុរស់នៅសកល មានអាយុកាលជាមធ្យម ៧៣.៣ឆ្នាំក្នុងឆ្នាំ ២០២៤។ តួលេខអាយុរបស់មនុស្សនេះ នឹងកើនឡើងជាមធ្យមដល់ ៧៧.៤ឆ្នាំក្នុងឆ្នាំ ២០៥៤។ ចំណែកនៅចុងទស្សវត្សរ៍ឆ្នាំ ២០៧០ ចំនួនមនុស្សដែលមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានចំនួន ២.២ពាន់លាននាក់ កើនលើសពីអ្នកដែលមានអាយុក្រោម ១៨ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា