រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ពីការបាត់ការទំនាក់ទំនងឧទ្ធម្ភាគចក្ររបស់ទ័ពអាកាសនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ទ័ពអាកាសដែលបាត់ការទំនាក់ទំនងនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន គឺមានមនុស្ស២នាក់ នៅក្នុងនោះ ហើយមិនដូចជាការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនដែលផ្សាយខុសពីការពិតនោះទេ។ ការបញ្ជាក់នេះ ក្នុងអបអរសាទរខួបលើកទី៣១ នៃថ្ងៃបង្កើតឡើងវិញកងរាជអាវុធហត្ថនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ទ័ពអាកាសដែលបាត់ការទំនាក់ទំនងរបស់ទ័ពអាកាស គឺចេញហោះហើរជារៀងរាល់ថ្ងៃដើម្បីហ្វឹកហ្វឺន ហើយដើម្បីពិនិត្យមើលបច្ចេកទេស និងឧបករណ៍ដែលមានទំនើបកម្ម។ ហោះហើរជារៀងរាល់ថ្ងៃដើម្បីហ្វឹកហ្វឺន ដល់អាកាសយានិក ក៏ដូចជាជំនួយការអាកាសយានិក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា ឧទ្ធម្ភាគចក្រដែលបាត់ការទំនាក់ទំនង គឺមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា , ពីថ្មដាទៅពោធិសាត់ និងពីពោធិ៍សាត់បកមកភ្នំពេញវិញ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា “ចំពោះករណីនេះ មិនទាន់សន្និដ្ឋានយ៉ាងណាទេ។ ប៉ុន្តែក្នុងបេសកកម្មមានតែ២រូបទេ ដែលបានហ្វឹកហ្វឺនទៅគោលដៅដែលកំណត់ក្នុងបេសកកម្មរបស់ទ័ពអាកាស។ ជាអកុសលអាកាសធាតុមិនអំណោយផលផ្តាច់ការទំនាក់ទំនងគ្នា។ កងកម្លាំងជំនាញបានចុះទៅរុករកនៅក្នុងតំបន់បាត់ទំនាក់ទំនង។” ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា នឹងអាចរកឃើញនៅថ្ងៃនេះ កងកម្លាំងពុះពារណាស់ក្នុងការស្វែងរក។
សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ៖ ភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ម៉ោង១១:០០នាទីព្រឹក និងមកដល់វិញនៅម៉ោង១៤និ០០នាទីថ្ងៃដដែល។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។
ក្រសួងការពារជាតិ បានប្រកាសឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ក្រសួងការពារជាតិបានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕
ដោយ៖ពលជ័យ