មេដឹកនាំពិភពលោកប្រតិកម្មនឹងការប៉ុនប៉ងធ្វើឃាតលោកត្រាំ

អាមេរិក៖ មេដឹកនាំពិភពលោកបានប្រតិកម្មយ៉ាងភ្ញាក់ផ្អើល ចំពោះការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯការប្រមូលផ្តុំមួយ កាលពីល្ងាចថ្ងៃសៅរ៍ ម៉ោងនៅអាមេរិក។

នៅអឺរ៉ុប នាយករដ្ឋមន្ត្រីអង់គ្លេស ទើបឈ្នះឆ្នោត លោក Keir Starmer បាននិយាយថា លោកតក់ស្លុត ហើយថា ជារឿងដ៏រន្ធត់»។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយថា លោកស្រីកំពុងតាមដាន ដោយក្តីបារម្ភ ហើយជូនពរឱ្យ Trump ឆាប់ជាសះស្បើយឡើងវិញ។

នៅតំបន់អាមេរិកវិញ ប្រធានាធិបតីប្រេស៊ីល លោក Silva បាននិយាយថា ការបាញ់ប្រហារនេះ ត្រូវតែថ្កោលទោស ជាដាច់ខាត ពីសំណាក់អ្នកការពារលទ្ធិប្រជាធិបតេយ្យ»។ ប្រធានាធិបតីស៊ីលី លោក Gabriel Boric ថា ត្រូវតែថ្កោលទោស ដោយគ្មានលក្ខខណ្ឌ ព្រោះទង្វើនេះ គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

ប្រធានាធិបតី ប្រទេសបូលីវី លោក Luis Arce បាននិយាយថា «ទោះបីជាមានភាពខុសគ្នាខាងមនោគមវិជ្ជា និងនយោបាយយ៉ាងជ្រាលជ្រៅក៏ដោយ គ្រប់អំពើហិង្សាទោះជាមកពីណាក៏ដោយ ត្រូវតែបដិសេធ ដោយមនុស្សគ្រប់គ្នា ជានិច្ច។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិចវិញ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រកាសប្រឆាំងនឹងការវាយប្រហារផ្នែកនយោបាយ ដោយនិយាយថា «យើងត្រូវឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើហិង្សាដែលប្រឈមដល់លទ្ធិប្រជាធិបតេយ្យ»។ លោកនាយករដ្ឋមន្ត្រីស្ត្រាលី Anthony Albanese បានពណ៌នាការបាញ់ប្រហារនេះថា ជា «ការព្រួយបារម្ភ និងការប្រឈមមុខខ្លាំង»។ លោកបញ្ជាក់ថា «គ្មានកន្លែងសម្រាប់អំពើហិង្សា ក្នុងដំណើរការប្រជាធិបតេយ្យទេ»។

នៅតំបន់ មជ្ឈិមបូព៌ាវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា លោក និងភរិយាមានការភ្ញាក់ផ្អើល ចំពោះការវាយប្រហារជាក់ស្តែង លើប្រធានាធិបតី Trump។ លោក Netanyahu បាននិយាយថា៖ «យើងអធិស្ឋានសុំឲ្យ លោក ត្រាំ ឆាប់ជាសះស្បើយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner