អ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ២៩៥នាក់ ទទួលបានប័ណ្ណសមធម៌ (ប. ស. ស)ដើម្បី អាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្លល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា៖ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង ១ខែ ពួកគាត់អាចបើកបាន ៣ដងក្នុង ១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស)នេះ ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជូនពួកគាត់ថែមទៀត។

លោក ពូ ម៉ៅ ឆន អាយុ ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងលោកអ៊ុ រស់ អ៊ាង ភេទ ប្រុស អាយុ ៦៦ឆ្នាំ បានមានប្រសាសន៍ស្រដៀងគ្នាថា៖ លោកពូ និងលោកអ៊ុ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថមដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគនិងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើមេះ។ បន្ថែមពីនេះនៅបានផ្តល់ប័ណ្ណសមធម៌(ប. ស. ស)ដែលអាចឱ្យពួកគាត់ទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត ។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០១៨ គឺមានរយៈពេល ៦ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner