IMF បញ្ចេញកញ្ចប់ជំនួយ ៧ពាន់លានដុល្លារជួយសេដ្ឋកិច្ចប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះនបានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ជំនួយរយៈពេល ៣ឆ្នាំ ដែលមានទំហំរហូតដល់ ៧ពាន់លានដុល្លារ។

ជាមួយនឹងទុនបំរុងរូបិយប័ណ្ណបរទេសធ្លាក់ចុះ ប៉ាគីស្ថានបានរកឃើញខ្លួនឯងនៅក្នុងវិបត្តិបំណុល ហើយត្រូវបានបង្ខំឱ្យងាកទៅរកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីទទួលបានប្រាក់កម្ចីសង្គ្រោះបន្ទាន់លើកដំបូងរបស់ខ្លួនក្នុងរដូវក្តៅឆ្នាំ ២០២៣។

ហើយតាមរយៈកញ្ចប់ជំនួយក្នុងទម្រង់ជាប្រាក់កម្ចីទំហំ ៧ពាន់លានដុល្លារនេះ ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យប៉ាគីស្ថានពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតលក្ខខណ្ឌសម្រាប់កំណើនដ៏រឹងមាំ និងមានភាពធន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

គួរបញ្ជាក់ថា នៅក្នុងប្រទេសដែលមានប្រជាជនជាង ២៤០លាននាក់ និងជាកន្លែងដែលការងារភាគច្រើនស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ មានតែ ប្រជាជន ៥.២លាននាក់ប៉ុណ្ណោះ ដែលបានបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋក្នុងឆ្នាំ ២០២២។

ក្នុងអំឡុងឆ្នាំសារពើពន្ធ ២០២៤-២៥ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា រដ្ឋាភិបាលប៉ាគីស្ថានមានបំណងបង្កើនការប្រមូលពន្ធជិត ៤៦ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំមុន។

ជាផ្នែកមួយនៃការជំរុញនេះ អាជ្ញាធរពន្ធដាររបស់ប្រទេសប៉ាគីស្ថានកាលពីដើមខែនេះ បានបិទស៊ីមកាតចំនួន ២១០,០០០ របស់អ្នកប្រើប្រាស់ ដែលមិនបានដាក់ពាក្យបង់ពន្ធ ដើម្បីពង្រីកតង្កៀបប្រាក់ចំណូលចូលសេដ្ឋកិច្ចរដ្ឋ។

ស្របពេលដែលប្រហែល ៤០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្ររួចហើយនោះ ធនាគារពិភពលោក WB ក៏បាននិយាយកាលពីខែមេសាដែរថា ខ្លួនមានការព្រួយបារម្ភថា ប្រជាជនប៉ាគីស្ថានចំនួន ១០លាននាក់បន្ថែមទៀតនឹងធ្លាក់ចុះក្រោមកម្រិតនេះ។

រីឯ IMF ក៏រំពឹងដែរថា ប៉ាគីស្ថាននឹងមានកំណើនសេដ្ឋកិច្ច ២ភាគរយនៅឆ្នាំនេះ ដោយអតិផរណានៅតែរំពឹងថា នឹងឈានដល់ជិត ២៥ភាគរយ មុនពេលធ្លាក់ចុះបន្តិចម្តងៗនៅក្នុងឆ្នាំ ២០២៥ និង ២០២៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner