ដង្កូវហ្វូងបំផ្លាញស្រូវកសិករ ១៨ខេត្តជាង២ម៉ឺនហិកតា និងរុយស ចំនួន ៥ខេត្ត បង្កផលប៉ះពាល់ស្រូវកសិករ ប្រមាណ ៥ម៉ឺនហិកតា
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃដូចជា ដង្កូវហ្វូង ដោយក្នុងនេះដង្កូវហ្វូងបំផ្លាញស្រូវកសិករចំនួន១៨ ខេត្ត ប្រមាណជាង២ម៉ឺនហិកតានិងសម្រាប់ រុយសវិញមានចំនួន ៥ខេត្ត ក្នុងប្រទេសកម្ពុជា ដែលផលប៉ះពាល់មាន ជាង៥ម៉ឺនហិកតា តែការខូចខាតមានទំហំតូចនៅឡើយ ហើយភាគច្រើនគឺនៅខេត្តព្រៃវែងតែម្ដង។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម បានលើកឡើងថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។
ឯកឧត្តមប្រតិភូរបន្ថែមថា តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យ។
ថ្លែងក្នុងពេលចុះ ពិនិត្យស្ថានភាព រុយស ស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករនៅ ខេត្ត ព្រៃវែង ឯកឧត្តម ងិន ឆាយបានឱ្យដឹងថា៖ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រោយការវាយលុករបស់សត្វរុយសបំផ្លាញស្រូវកសិករកន្លងមកឃើញថាសភាពការណ៍បានធូរស្រាល ហើយវាក៏ស្ថិតនៅក្នុងស្ថានភាពមួយយើងអាចគ្រប់គ្រងបានហើយ។
លោកបានថ្លែងថា៖ការផ្ទុះនៃសត្វល្អិតចង្រៃ ដង្កូវហ្វូង កាលពីមួយខែកន្លងមកគឺបានបំផ្លាញ និងប៉ះពាល់លើដំណាំស្រូវជាង២ម៉ឺនហិកតា ក្នុងខេត្តចំនួន១៨ ។តាមរយៈការចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ពិសេសតាមការចង្អុលបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មគឺ ឯកឧត្តម ឌិត ទីណារួចមក គិតមកដល់ពេលនេះពុំមានសត្វដង្កូវហ្វូងបំផ្លាញស្រូវធ្ងន់ធ្ងរទៀតទេពោលគឺនៅសល់តែបណ្តាខេត្តមួយចំនួនដែលមានសភាពតិចតួចប៉ុណ្ណោះ។
លោកបានថ្លែងថាសម្រាប់សត្វល្អិតចង្រៃរុយសវិញបានផ្ទុះកើតឡើងប្រមាណ៣សប្តាហ៍មុននេះ ហើយមកដល់ពេលនេះមានចំនួន៥ខេត្តក្នុងនេះដូចជាខេត្ត តាកែវ ព្រៃវែង ស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ដែលមានចំនួនតិចតួច។សម្រាប់ទំហំការខូចខាតដែលវាយលុកដោយរុយសគឺមានប្រមាណជាង៥ម៉ឺនហិកតាហើយផងដែរ។
ទោះបីយ៉ាងណាបើគេពិនិត្យទៅលើទំហំការខូចខាតឃើញថានៅតូចនៅឡើយទេ។សម្រាប់ខេត្តដែលទទួលរងការខូចខាតច្រើនជាងគេគឺនៅខេត្តព្រៃវែង។ក្នុងចំណោមផ្ទៃដីដែលដាំដុះក្នុងខេត្តព្រៃវែងសមានប្រមាណ២៤ម៉ឺនហិកតា ហើយផលប៉ះពាល់នោះមានប្រមាណជាង៤ម៉ឺនហិកតា និងបើគេគិតពីទំហំការខូចខាតខ្លាំងមានប្រមាណ១ម៉ឺនហិកតា។ការខូចខាតនេះដែរមិនមែនទាំងស្រុងនោះទេ ដោយស្រែខ្លះខូចខ្លាំង ស្រែខ្លះទៀតក៏ខូចខាតប្រមាណ ៥០ភាគរយ ស្រែខ្លះ៧០ភាគរយ។
ឯកឧត្តម ងិន ឆាយបានថ្លែងដោយបញ្ជាក់ថា៖”យើងដឹងហើយថារុយស វានឹងបំផ្លាញស្រូវគ្រប់ដំណាក់កាល។បើរុយសវាបំផ្លាញស្រូវដំណាក់កាលផើម ឬវាបំផ្លាញស្រូវដំណាក់កាលចេញកួរវានឹងធ្វើឱ្យផលប៉ះពាល់ខ្លាំង ។ផ្ទុយមកវិញបើវាបំផ្លាញក្នុងដំណាក់កាលបែកគុម្ព វិញវានឹងមិនបង្កការប៉ះពាល់ធ្ងន់ធ្ងរទេដោយស្រូវវាអាចលូតលាស់ឡើងវិញបាន”។
គួររំលឹកថាក្នុងរយៈពេលមួយខែមកនេះក្រៅពីសត្វល្អិតចង្រៃដង្កូវហ្វូងវាយប្រហារលើដំណាំស្រូវកសិករហើយប្រមាណ៣សប្តាហ៍មុននេះក៏មានការបំផ្លាញស្រូវពីសំណាក់សត្វរុយស និងដង្កូវមូរស្លឹកទៀតផង។
គួរបញ្ជាក់ថាបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រភពនៃការកកើតមានដង្កូវហ្វូងនិងសត្វល្អិតចង្រៃមួយចំនួនទៀត ដោយសារតែ ការប្រែប្រួលអាកាសធាតុ អាកាសធាតុក្ដៅខ្លាំង អូសបន្លាយរយៈពេលវែងកន្លងមក។ពិសេសដង្កូវហ្វូងកន្លងមកបានបំផ្លាញដំណាំកសិករជាច្រើនដូចជា ដំណាំស្រូវ ដំឡូងមីនិងដំណាំជារុក្ខជាតិជាច្រើនទៀត ៕
ដោយ ៖ ម៉ាដេប៉ូ