អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ព័ត៌មានផ្សាយថារកឃើញបំណែកឧទ្ធម្ភាគចក្រ គឺក្លែងក្លាយ

អ្នកនាំពាក្យក្រសួងការពារជាតិ ថា ក្រុម MMO គឺផ្តល់ព័ត៌មានក្លែងក្លាយទេ ខណៈមនុស្ស២នាក់ទៀតរកមិនទាន់ឃើញនៅឡើយទេ។

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់លើបណ្តាញសង្គម Facebook របស់ខ្លួនថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។

ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម ​MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..📣 រកឃើញបំណែក ឧទ្ធម្ភាគចក្រ ហើយ នៅថ្ងៃទី១៤នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះគឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងពិធីអបអរសាទរខួបលើកទី៣១ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) សំណូមពរ ដល់ប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួនដទៃទៀត កុំផ្សាយខុសពីការពិត លើសពីអ្វីដែលក្រសួងការពារជាតិ និង រាជរដ្ឋាភិបាលប្រកាស។ ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ អាចបណ្តាលមកពីអាកាសធាតុមិនអំណោយផល ខណៈកាត់តំបន់នោះ ក្នុងពេលកំពុងធ្វើការហ្វឹកហាត់ពីរាជធានីភ្នំពេញ ទៅកាន់ថ្មដា ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសំណេរលើគណនី Facebook Kalyan Natara  សរសេរថា រូបគាត់ជាប្រពន្ធ និងកូនៗ រួមនឹងគ្រួសារបងប្អូនមកដល់ហើយបងត្រូវតែស៊ូៗណាបងគ្រប់គ្នានៅតែជឿជាក់លើបងនៅតែមានសង្ឃឹមទៅលើបងថាបងអាចធ្វើបាន ស៊ូស៊ូប្តីសម្លាញ់។

ឧទ្ធម្ភាគចក្រហ្វឹកហ្វឺនមួយគ្រឿងនេះបានបាត់​ចេញពីរ៉ាដា  នៅតំបន់​ភ្នំជួរក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ​ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងហ្វឹកហ្វឺន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ បានអោយដឹងថា

  • សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។
  • ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ ។
  • សូមអរគុណចំពោះវិស័យឯកជនដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ ។
  • ដោយសារស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំងព្រមទាំងក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។ ហេតុដូចនេះសូមវិស័យឯកជនទុកលទ្ធភាពឱ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការសិន៕
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner