ភ្លើងឆេះព្រៃកាណាដា ជម្លៀសមនុស្ស៩ពាន់នាក់

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល ៩០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន នាភាគឦសាន ប្រទេសកាណាដា ដោយសារតែភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា។

អ្នកស្រុករស់នៅក្នុងខេត្ត Labrador បានប្រាប់ទូរទស្សន៍ CBC កាលពីថ្ងៃអាទិត្យថា «វាពិតជាគួរឲ្យតក់ស្លុតណាស់ ដែលបានឃើញផ្សែងភ្លើង យ៉ាងច្រើន»។

មន្ត្រីផ្នែកពន្លត់អគ្គីភ័យ លោក Jeff Motty បាននិយាយ កាលពីថ្ងៃអាទិត្យថា ដោយសារតែការឆេះខ្លាំងពេក សូម្បីតែយន្តហោះទម្លាក់ទឹកពន្លត់ភ្លើង ក៏ជួបការពិបាក។ បច្ចុប្បន្ន កាណាដា កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ប្រមាណ៥៧៤កន្លែង ក្នុងនោះ ជាង៤០០កន្លែង ត្រូវបានចាត់ទុកថា មិនអាចគ្រប់គ្រងបាន។ អគ្គីភ័យជាច្រើនបានកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ជាពិសេស នៅភាគខាងលិចនៃប្រទេស ដែលបានជួបប្រទះនឹងរលកកំដៅ។

កាលពីឆ្នាំមុន ប្រទេសនេះបានកត់ត្រា ពីរដូវកាលភ្លើងឆេះដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
យោងតាមអ្នកជំនាញបានឱ្យដឹងថា ស្ថានភាពកាន់តែស្ងួតនិងក្តៅ នៅក្នុងផ្នែកជាច្រើន នៃប្រទេសកាណាដា បង្កឡើងដោយការប្រែប្រួលអាកាសធាតុ បានបង្កើនហានិភ័យ នៃអគ្គីភ័យធំៗ នៅក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner