សហគ្រាសចំនួន ១៧បានទទួលវិញ្ញាបនបត្រ CQS កំពុងត្រូវបានជំរុញដើម្បីនាំផលិតផលចេញទៅលក់កាន់ទីផ្សារអឺរ៉ុប
ភ្នំពេញ៖ ក្នុងចំណោមសហគ្រាសចំនួន ១៧ ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)មានសហគ្រាសមួយនៅខេត្តសៀមរាបបានទទួលការនាំចេញទៅលក់កាន់ទីផ្សារប្រទេសអូស្រ្តាលី ។ ដោយឡែកសហគ្រាសផ្សេងៗទៀតក៏មានបំណងចង់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចគ្នា ដែលពេលនេះក្រសួងកសិកម្មកំពុងជំរុញឱ្យសហគ្រាសទាំងនេះអាចពង្រឹងខ្លួន និងនាំទំនិញរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសប្រទេសអឺរ៉ុប។
លោកជំទាវអ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកំពត កោះកុង និងព្រះសីហនុនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឱ្យដឹងថានាពេលនេះសម្រាប់ទីផ្សារការនាំចេញទៅកាន់ប្រទេសអឺរ៉ុប កម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយដោយធ្វើយ់ាងណាឱ្យសហគ្រាសទាំងអស់អាចនាំចេញទៅកាន់បណ្តាប្រទេសអឺរ៉ុប ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងដែរថាក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ពួកគាត់កំពុងតែធ្វើការជាមួយរដ្ឋបាលជលផល ដោយក្នុងនេះសំដៅធ្វើយ៉ាងណាប្រែក្លាយខ្លួនក្នុងការនាំចេញទៅកាន់ក្រៅប្រទេសបានពិសេសទីផ្សារអឺរ៉ុបតែម្តង។
លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការ UNIDO បានបញ្ជាក់ថា ផលិតផលដែលត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបវាទាមទារនូវស្តង់ដាគុណភាព ហើយវាក៏ទាមទារផងដែរនូវការវិយោគក្នុងរឿងនេះសម្រាប់សហគ្រាសនីមួយៗ។ ក្រៅពីនេះ កម្ពុជាក៏នៅជួបបញ្ហាកង្វះនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃទៅលើម្ហូបអាហារ និងការបញ្ជ្រាបចំណេះដឹងទៅលើផលិតផលក៏នៅមានកម្រិត ។ ក្រៅពីនេះខ្វះការលើកទឹកចិត្តពីអ្នកបរិភោគ និងក៏ដូចជាអ្នកតម្រង់ទិសនៃកម្រិតស្តង់ដាថែមទៀត។
លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ប្រាប់ថា៖សម្រាប់សហភាពអឺរ៉ុបគាំទ្រទាំងបច្ចេកទេស និងជំនាញឯកទេសដែលប្រការនេះផលិតផលកម្ពុជាអាចនាំទៅលក់លើទីផ្សារប្រទេសអឺរ៉ុបបាន ។ ទោះបីយ៉ាងណាការនាំចេញវាត្រូវការនីតិវិធី និងលក្ខខណ្ឌបច្ចេកទេសជាច្រើន ។ ជាមួយគ្នាវាក៏ត្រូវមានការទទួលស្គាល់ផងដែររវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរប្រទេសអឺរ៉ុបទើបផលិតផលទាំងនេះទើបអនុញ្ញាតឳ្យនាំចេញទៅកាន់ប្រទេសអឺរ៉ុប ។
សូមរំលឹកថា អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Foodរបស់ ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។ សម្រាប់ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមានដូចជា៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត