ជប៉ុន បន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬឆ្នាំ២០៣០ និង គំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរ ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិនិងប្រជាជន ។

ឯកឧត្តមបានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលឯកឧត្តម បានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៣ នៅក្នុងក្របខណ្ឌអង្គការសហប្រជាតិ និងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។

សម្តេចរដ្ឋសភាធបិតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់ តម្លាភាព គោរពច្បាប់ គណនេយ្យភាព និងមានគុណធម៌។ ដូច្នេះ វត្តមានការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសផ្សេងៗទៀត ផងដែរ ។

សម្តេចប្រធានរដ្ឋសភាបានអរគុណប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។ ជប៉ុនបានជួយកម្ពុជាទំាងក្នុងក្របខណ្ឌមនុស្សធម៌ សង្គម និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ 2017 មក កម្ពុជាបានបញ្ជូនសិក្ខាកាមចំនួនជាង ពីរម៉ឺន នាក់ ក្នុងនោះ ស្រី ជាងមួយម៉ឺននាក់ ទៅប្រទេសជប៉ុន ហើយពីឆ្នាំ១៩៩២ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានចំនួន ១៦៣១ នាក់ ដើម្បីបន្តការសិក្សារបស់ពួកគេរយៈពេលវែងនៅប្រទេសជប៉ុន ។

សម្តេចប្រធានរដ្ឋសភា ក៏បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានបន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា តាំងពីដើមមកនិងបន្តទៅអនាគត ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ឬឆ្នាំ២០៣០ខាងមុខនេះ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង រដ្ឋសភាប្រទេសទំាងពីរ ហើយកាលពីឆ្នាំ១៩៩៨ សម្តេចធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ការងាររដ្ឋសភាជប៉ុនផងដែរ។

ការអភិវឌ្ឍរបស់កម្ពុជានាពេលនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ប្រទេសជប៉ុនបាននោះទេ ។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាចំណងមិត្តភាពកម្ពុជា-ជប៉ុន និងកាន់តែរឹងមាំ ធន់នៅគ្រប់កាលៈទេសៈ ដើម្បីចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាពជូនពលរដ្ឋនៅក្នុងសកលលោក។ ឈរលើមូលដ្ឋានសន្តិភាពនេះហើយ កម្ពុជា ជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ាន ដែលបានគំាទ្រ គោលការណ៍ ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់ប្រទេសជប៉ុន៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner