ភ្លៀងធ្លាក់១២ម៉ោង ជន់លិចកោះត្រល់ ក្លាយជាទន្លេ

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយថា ភ្លៀងធ្លាក់រយៈពេល ១២ ម៉ោង កាលពីចុងសប្តាហ៍ បានបង្កឲ្យមានទឹកជំនន់ នៅតាមដងផ្លូវនៃទីក្រុងកោះ Phu Quoc ឬ ខ្មែរហៅថាកោះ «ត្រល់» ប្រែក្លាយទៅជាទន្លេ ភ្លាមៗ ដោយទីតាំងខ្លះ ទឹកមានជម្រៅ ដល់ទៅជាងមួយម៉ែត្រ។
 
អាជ្ញាធរទីក្រុង Phu Quoc បាននិយាយថា ពួកគេបានចល័តកងកម្លាំង រួមមានទាំង ទាហាន និងនគរបាលផង ដើម្បីជួយប្រជាជនផ្លាស់ទីលំនៅ និងមុខរបររបស់ពួកគេ ក្នុងពេលភ្លៀងធ្លាក់ តាំងពីយប់ថ្ងៃសៅរ៍ បន្តរហូតព្រឹកថ្ងៃអាទិត្យ។
 
លោក Thang អ្នកស្រុករស់ នៅតំបន់ Ben Tram បាននិយាយថា ពីមុនមក មិនធ្លាប់លិចលង់យ៉ាងធ្ងន់ធ្ងរ បែបនេះទេ។ លោកបានស្តីបន្ទោសលើសំណង់លើសចំណុះ រាំងស្ទះលំហូរទឹកភ្លៀង ចូលទៅក្នុងទន្លេ និងអូរ ខណៈដែលប្រព័ន្ធបង្ហូរទឹក កាន់តែរួមតូច។
 
ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ទីក្រុងកោះ Phu Quoc មានការអភិវឌ្ឍនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ដោយមានការសាងសង់ផ្ទះជាច្រើន រួមនឹងគម្រោងសំណង់ធំៗ ជាហេតុនាំឲ្យមានទឹកជំនន់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងទេសចរណ៍៕
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner