រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន នឹងបន្តគាំទ្រសកម្មភាពកំចាត់មីនកម្ពុជា
សៀមរាប៖ប្រតិភូរដ្ឋសភាជប៉ុនដឹកនាំដោយ ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស្សឹអុ (Yamaguchi Natsuo) សមាជិករដ្ឋសភាជប៉ុន បានចុះបំពេញទស្សនកិច្ចផ្លូវការនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់(CMAC) ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា និងពិនិត្យវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសនេះប្រធានប្រតិភូជប៉ុនបានបញ្ជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន នឹងបន្តគាំទ្រសកម្មភាពកំចាត់មីនកម្ពុជា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជម្រាបជូនភ្ញៀវកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤បានបញ្ជាក់ថា សង្រ្គាមនៅកម្ពុជាបានបន្សល់ទុកនូវគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន ។សកម្មភាពបោសសំអាតមីន កំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម បានដំណើរការជាបន្តបន្ទាប់ពិសេស ក្រោយសង្គ្រាមត្រូវបានបញ្ចប់។ទន្ទឹមនេះកម្ពុជាក៏បានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ទៅដល់បណ្តាប្រទេសមួយចំនួនលើសកលលោកផងដែរ។
ល្បឿននៃការបោសសំអាតគ្រាប់មីននៅកម្ពុជា មានភាពជឿនលឿនខ្លាំង និងមានប្រសិទ្ធភាពដោយសារតែទទួលបាននូវអំណោយទាំងសម្ភារៈ បច្ចេកទេស និងគ្រឿងចក្ររបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ។ បើគ្មានគ្រឿងចក្រ និងឧបករណ៍ទំនើបទេមកដល់ពេលនេះ កម្ពុជាមិនអាចសម្រេចជោគជ័យ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលមានជាង ៤.២០០នាក់ នៅឆ្នាំ១៩៩៥ ហើយធ្លាក់មកនៅ ៣២នាក់ នៅឆ្នាំ២០២៣ និង៦ខែដើមឆ្នាំ២០២៤ មាន ៣២នាក់ដែរ។
ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស្សឹអុ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស៊ីម៉ាក់ ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពបោសសំអាតមីនរបស់កម្ពុជា ដែលបានធ្វើសកម្មភាពតាំងពីដើមទសវត្សរ៍ទី៩០ រហូតមកដល់ពេលនេះទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។ មិនត្រឹមតែក្នុងប្រទេសទេ ស៊ីម៉ាក់ក៏បានចូលរួមចែករំលែកបទពិសោធដោះស្រាយបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសទី៣ មួយចំនួនទៀត ដូចជា កូឡំប៊ី អ៊ឺរ៉ាក់ អង់ហ្គោឡា ឡាវ ភូមា និងប្រទេសអ៊ុយក្រែន និងប្រទេសតំបន់អាហ្វ្រិកមួយចំនួនទៀត ដែលនេះជាការរួមចំណែកជាសកលមានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។
ឯកឧត្តមបន្តថា លើពិភពលោកមានប្រទេសជាច្រើនជួបបញ្ហាដោយសារគ្រាប់មីន និងធ្វើការបោសសំអាតមីន កំចាត់មីន ប៉ុន្តែមានតែស៊ីម៉ាក់ទេ ដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់លើបញ្ហានេះ។ លោកសង្ឃឹមថា ស៊ីម៉ាក់នឹងបន្តរួមចំណែកក្នុងវិស័យនេះជាបន្តទៀត ខណៈដែលកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាលើវិស័យមីននេះ។ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាពស៊ីម៉ាក់ក្នុងការកម្ចាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាជន និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។
សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់ចំនួនជាង ២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាពបីសំខាន់ គឺ១.ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាពស៊ីម៉ាក់, ២.ការផ្ដល់តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាពស៊ីម៉ាក់ និង៣.ការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស៕
ដោយ៖ប៊ុនរដ្ឋា