ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសការផ្សាយព័ត៌មានប្រឌិតញុះញង់ចង់ឱ្យមានបាតុកម្ម (Video Inside)

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាធិការបណ្តុំអង្គការសង្គមស៊ីវិល បានថ្កោលទោសការផ្សាយរបស់ជនមួយក្រុម ដែលនិយាយថា «រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនី ក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា»។

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកការផ្សាយនោះ គឺធ្វើឡើងដោយ «ជនអគតិជ្រុលនិយម ដែលតែងតែប្រឌិតបង្កើតព័ត៌មានក្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល»។

ការចេញសេចក្តីថ្លែងការណ៍រួមថ្ងៃទី១៥កក្កដា បានធ្វើឡើងបន្ទាប់ពីមានសារព្រមានមួយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានព័ត៌មានដែលចង់បង្ករកការញុះញង់ ឱ្យក្រុមរត់ម៉ូតូឌុប, ម៉ូតូកង់បី និងរថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដោយសារព័ត៌មានចោទថា «រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា»។

សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាធិការបណ្តុំ អង្គការសង្គមស៊ីវិល បានថ្លែងគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងហៅការផ្សាយព័ត៌មានចោទថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនី ក្រុមហ៊ុនបរទេសមកវិនិយោគរត់តាក់ស៊ី ក្នុងប្រទេសកម្ពុជា» នោះ គឺជា «នយោបាយខ្មៅកខ្វក់ជ្រុលនិយម របស់ជនអគតិមួយក្តាប់តូច គឺជាជម្ងឺសង្គមដែលយើងត្រូវរួមគ្នាកំចាត់ចោល»។

សេចក្តីថ្លែងការណ៍ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវមហាជនខ្មែរ «រួមសាមគ្គីគ្នាបណ្តុះមនសិការស្នេហាជាតិ ឱ្យកាន់តែរឹងមាំ ពិសេសសូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាចាត់វិធានការច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិត និងបង្កើតព័ត៌ក្លែងក្លាយ រូបភាពកេងចំណេញនយោបាយ ដែលចង់ធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ»។

ads banner