ចាប់ជនសង្ស័យបែកគ្រឿងញៀនសម្លាប់មនុស្សក្រោយគេចខ្លួន៩ថ្ងៃ (Video Inside)

ជនសង្ស័យជាឃាតករដែលបានរត់ភៀសខ្លួនក្រោយការសម្លាប់ស្ត្រីវ័យចំណាស់ ដោយការកាប់នឹងកាំបិតនៅកណ្តាលហ្វូងមនុស្ស ក្នុងក្រុងបាត់ដំបង ទីបំផុតត្រូវបានចាប់ខ្លួនហើយ។

ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំដែលជាមនុស្សបែកគ្រឿងញៀន ត្រូវ «កម្លាំងអធិការដ្ឋានក្រុងបាត់ដំបង និងកម្លាំងអធិការនគរបាលស្រុកបាណន់ រួមទាំងកម្លាំងប្រជាការពាររាប់សិបនាក់» បានសហការគ្នាតាមប្រមាញ់ តាំងពីថ្ងៃទី៦កក្កដា ក្រោយការជិះកង់កាន់កាំបិតកាប់លើស្ត្រីចំណាស់អាយុ ៧៧ឆ្នាំម្នាក់ ដែលកំពុងដើរនៅតាមថ្នល់ នៃភូមិច្រាបក្រសាំង សង្កាត់វត្ត-គ ក្នុងក្រុងបាត់ដំបង។

ជនសង្ស័យរូបនោះបានរត់គេចខ្លួនមកពួកនៅតំបន់ជួរភ្នំតាគ្រាមដែលជាតំបន់មានព្រៃ និង ដីចំការដ៏ធំល្វឹងល្វើយ។ សមត្ថកិច្ចបានពង្រាយកម្លាំងតាមចាប់ជនសង្ស័យបែកគ្រឿងញៀននោះ បើទោះបីជាសម្ងំលាក់ខ្លួន នៅក្នុងព្រៃយ៉ាងណាក៏ដោយ។

ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានថ្លែងថាជនសង្ស័យជាឃាតកររូបនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ គឺ៩ថ្ងៃបន្ទាប់ពីថ្ងៃកើតហេតុនោះមក។

ads banner