ពលរដ្ឋទិញដីឡូត៍ ចោទក្រុមហ៊ុនសម្បត្តិរតនៈវិសាល ថា មិនគោរពកិច្ចសន្យា
កំពង់ឆ្នាំង៖ ពលរដ្ឋចំនួន៣៨ គ្រួសារ ក្នុងចំណោម ពលរដ្ឋជាច្រើនទៀតដែលអះអាងថាបានរងគ្រោះដោយសារទិញដីឡូត៍ ពីក្រុមហ៊ុនសម្បត្តិរតនៈវិសាល នៅភូមិព្រៃពួច ឃុំព្រៃបាក់ ស្រុករលាប្អៀរ ជាច្រើនឆ្នាំណាស់មកហើយនៅមិនបានប្លង់រឹងនៅឡើយ បានជួបជុំគ្នានៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខក្រុមហ៊ុនរតនៈវិសាលតែម្ដង ដោយទាមទារឱ្យមានដំណោះស្រាយដល់ពួកគាត់។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគាត់បានមកទិញដីឡូត៍ពីក្រុមហ៊ុនរតនៈវិសាល ដែលមានម្ចាស់ឈ្មោះ ជុង ហៃយ៉េន ជាច្រើនឆ្នាំមកហើយមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានកាត់ប្លង់រឹងឱ្យគាត់នៅឡើយទោះបីមានកិច្ចសន្យានៅមុខអាជ្ញាធរឃុំជ្រៃបាក់ កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៣យ៉ាងណាក្តី។
ចំណែកក ជុង ហៃយ៉េន ប្រធានក្រុមហ៊ុនសម្បត្តិរតនៈវិសាលបានបញ្ជាក់តាមទូរសព្ទថា គាត់បានធ្វើកិច្ចសន្យាជាមួយគ្នានៅសាលាឃុំសាលាស្រុករួចហើយ តែពួកគាត់មិនស្ដាប់នៅតែហៅអ្នកសារព័ត៌មានមកសម្ភាសធ្វើព័ត៌មានទៀត ។ដល់អញ្ចឹងពួកគាត់(ជុង ហៃយ៉េន)ជាអ្នកខុស ។រឿងនេះមានអ្នកខ្លះបង់លុយគ្រប់។អ្នកខ្លះបង់លុយមិនទាន់គ្រប់ តែគាត់មិនពិន័យតាមកិច្ចសន្យានោះទេព្រោះគាត់យល់ថាជាវិបត្តិសេដ្ឋកិច្ចដូចគ្នា ហើយ រូបគាត់បានត្រៀមនឹងជួបគ្នានៅថ្ងៃទី ២៩ ខែកក្កដា នេះដើម្បីរៀបចំកាត់ប្លង់រឹងឱ្យពួកគាត់ហើយ។
ទោះយ៉ាងណាក្នុងកិច្ចសន្យាដែលបានជាលាយលក្ខណ៍អក្សរនៅសាលាឃុំជ្រែកបាក់ស្រុកលាប្អៀរកាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣បានបញ្ជាក់ថា ភាគីក្រុមហ៊ុនសន្យាកាត់ប្លង់ឱ្យរយៈពេល៦ទៅ ១២ខែខែ ដោយគិតពីថ្ងៃធ្វើកិច្ចសន្យានេះទៅ ហើយបើមិនបានដូចកិច្ចសន្យា ក្រុមហ៊ុននឹងសងអតិថិជន គុណនឹងពីរ។ ចំណែកឯអ្នកបង់ប្រាក់មិនគ្រប់ចំនួនតាមកិច្ចសន្យាក៏ពិន័យគុណទាំងពីរដែរ។
បើតាមបញ្ជីបង់ប្រាក់ដែលទទួលបាន ប្រជាពលរដ្ឋអ្នកទិញចំនួន ៤៧គ្រួសារ មានខ្ទង់ទឹកប្រាក់ប្រមាណជាង ៧០ម៉ឺនដុល្លារ ដែលបានបង់លុយក្រុមហ៊ុនរួចហើយ៕
ដោយ៖សុខ គឹមសៀន