ពង្រឹងការងារបច្ចេកទេសដល់សហគមន៍ប្រើប្រាស់ទឹកដោយប្រើប្រាស់បច្ចេកទេសទំនើប ឬតាមបែបឌីជីថល
បន្ទាយមានជ័យ៖ សហគមន៍ប្រើប្រាស់ទឹកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបានទទួលការផ្សព្វផ្សាយនិងការផ្ដល់បច្ចេកទេសឮអំពីប្រើប្រាស់ប្រព័ន្ធស្រោចស្រពកសិកម្មទំនើបឬតាមបែបឌីជីថល ពីក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹកនិង ឧតុនិយម។ការផ្សព្វផ្សាយនេះ ខណៈគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពទំនើបកំពុងអនុវត្តដោយក្រសួងធនធានទឹកនិង ឧតុនិយម និងមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍វិស័យធារាសាស្ត្រ ។
ក្នុងជំនួបជាមួយសហគមន៍កាលពីចុងសប្ដាហ៍នេះឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជ្រាបចំណេះដឹងនេះទៅដល់កសិករ។
បន្ថែមចំណេះដឹងនេះអ្នកឧកញ៉ា ឡេង ហួរ អ្នកសហការបច្ចេកទេសខាងប្រព័ន្ធធារាសាស្ត្រទំនើបនេះបានលើកឡើង ពីប្រព័ន្ធស្រោចស្រពកសិកម្មទំនើបឬតាមបែបឌីជីថលថា បានគ្រប់គ្រងការប្រើប្រាស់ទឹក តាមតម្រូវការនិងមានប្រព័ន្ធស្រោចស្រពលើការងារបង្កបង្កើនផលដែលបញ្ជាបិទបើកដោយស្វ័យប្រវត្តិតាមប្រព័ន្ធទូរសព្ទដៃឬគ្រប់គ្រងទិន្នន័យលើប្រព័ន្ធធារាសាស្ត្រកសិកម្មមានលក្ខណៈបច្ចេកទេសទំនើបកម្មដោយកុំព្យូទ័រនោះ ។អនុវត្តបែបនេះបានកាត់បន្ថយ ការចំណាយពេលវេលា កម្លាំងពលកម្ម និងថវិកាចំណាយច្រើនក្នុងការងារបង្កបង្កើនផល មកចំណាយអស់តិចតែទទួល បានទិន្នផលខ្ពស់។
ចំណែក លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក៏ដូចប្រជាកសិករគាំទ្រដំណើរការសាងសង់ប្រព័ន្ធស្រោចស្រពកសិកម្មតាមបែបឌីជីថល ដែលបានផ្ដល់ផលប្រយោជន៍ដល់កសិករ៕
ដោយ៖ គៀន ច័ន្ទហ៊ីន