បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ជាង ៤ម៉ឺនគ្រួសារ
បាត់ដំបង៖ គិតមកដល់ខែកក្កដាឆ្នាំ២០២៤នេះ រដ្ឋាករទឹកបាត់ដំបង មានរោងចក្រផលិតទឹកស្អាតចំនួនពីរទីតាំងស្ថិតក្នុងក្រុងបាត់ដំបងនិងមានសមត្ថភាពផលិតចំនួន ៣៣ ៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ដោយឡែកការពង្រាយទុយោបំពង់ទឹកចែកចាយទឹកស្អាតសរុប ៧៩១គីឡូម៉ែត្រនិងមានអតិថិជនតភ្ជាប់តំណរប្រើប្រាស់ចំនួន ៣៧ ៥៥៩តំណរ។សេវាផ្គត់ផ្គង់គ្របដណ្តប់ បានចំនួន ៨៥ភូមិ ក្នុងចំណោមភូមិគោលដៅចំនួន៩៩ភូមិដែលស្ថិតក្នុងស្រុកចំនួនពីរ និងក្រុងមួយស្មើនឹងជាង ៤ម៉ឺនគ្រួសារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង។
ជម្រាបជូនឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកបាត់ដំបងអាណត្តិទី១ ក្នុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានបញ្ជាក់បន្ថែមថា ក្រៅពីទីតាំងផលិតកម្មទឹកស្អាតទាំងពីរកន្លែងខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបងបាននិងកំពុងតែអនុវត្តគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំបន្ថែមមួយកន្លែងទៀត ក្រោមជំនួយឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងAFD ដែលមានសមត្ថភាពផលិតទឹកស្អាត ៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក្រោយពីបញ្ចប់ការសាងសង់រួចរាល់ គ្រោងនិងពង្រីកទុយោបំពង់ទឹកស្អាតប្រវែង៩៤គីឡូម៉ែត្របន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ទឹង ស៊ីនី បានធ្វើការណែនាំនិងក្រើនរំលឹកដល់ថ្នាក់ដឹកនាំបុគ្គលិក-និយោជិតរបស់រដ្ឋាករទឹកបាត់ដំបងទាំងអស់ត្រូវខិតខំពង្រឹងនូវការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវបន្តខិតខំរៀនសូត្រពង្រឹងនូវសមត្ថភាពបន្ថែមទៀតរបស់ខ្លួន ព្រោះអង្គភាពមួយខ្លាំងនិងរីកចម្រើនទៅបាន គឺអាស្រ័យដោយសារមន្រ្តីនិងបុគ្គលិកនិយោជិត មានសមត្ថភាព។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យរដ្ឋាករទឹកបាត់ដំបងត្រូវរកប្រភពទឹកដែលមាននិរន្តរភាពសម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតនិងពង្រីកបណ្ដាញតភ្ជាប់។ជាពិសេសក៏ត្រូវរក្សាឱ្យបាននូវគុណភាពទឹកដើម្បីរក្សាសុវត្ថិភាព និងលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្ត៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប