ប្រមុខការទូតអង់គ្លេសជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងសង្គ្រាមហ្គាហ្សា

ហ៊្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន។

លោក David Lammy បានគូសបញ្ជាក់ថា ខ្ញុំមកទីនេះ ដើម្បីជំរុញឲ្យមានបទឈប់បាញ់បន្ទាន់។ ការបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជារឿងគួរឱ្យរន្ធត់ណាស់ ដូច្នេះវាត្រូវតែបញ្ឈប់។ លោក Lammy ក៏បានជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា និងការកើនឡើងនៃលំហូរជំនួយទៅកាន់ទឹកដីនេះផងដែរ។

លោក Lammy បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa កាលពីថ្ងៃអាទិត្យ។ នៅក្នុងជំនួបជាមួយលោក Mustafa លោក Lammy បាននិយាយថា អង់គ្លេសនឹងជំរុញឱ្យមានសន្តិភាព និងស្ថិរភាព នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X ដោយស្ថានកុងស៊ុលអង់គ្លេសនៅទីក្រុងហ្សេរុយសាឡឹម។

រីឯនៅព្រឹកថ្ងៃចន្ទ លោក Lammy បានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ។ លោក Lammy បាននិយាយមុនកិច្ចប្រជុំថា ពិតណាស់ ខ្ញុំនឹងដាក់សម្ពាធលើមេដឹកនាំអ៊ីស្រាអែលទាក់ទិននឹងបទឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Lammy លោក Herzog បាននិយាយថា ពួកលោកបានពិភាក្សាគ្មា អំពីបេសកកម្មកំពូលនៃការបញ្ជូនចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញទៅកាន់គ្រួសាររបស់ពួកគេ។ លោក Herzog បន្ថែមថា លោក Lammy បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងបន្តធ្វើការ និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់។

លោក Herzog បន្ថែមទៀតថា ចំណងមិត្តភាពរវាងប្រជាជនអង់គ្លេស និងអ៊ីស្រាអែលមានភាពរឹងមាំ ជាពិសេសនៅពេលនេះ នៅក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនៅចំពោះមុខយើង”៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner