យូអិនព្រមានពីកង្វះការចាក់ថ្នាំបង្ការដល់កុមារនៅទូទាំងពិភពលោក

ហ្ស៊ឺណែវ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការចាក់ថ្នាំបង្ការដល់កុមារនៅទូទាំងពិភពលោកបានជាប់គាំង ធ្វើឱ្យកុមាររាប់លាននាក់ទៀតមិនបានទទួលថ្នាំបង្ការ ឬមិនទាន់ចាក់ថ្នាំបង្ការតែម្តង។

នៅឆ្នាំ ២០២៣ កុមារ ៨៤ភាគរយ ដែលប្រហែល ១០៨លាននាក់បានទទួលវ៉ាក់សាំងបង្ការចំនួន ៣លើក នៃវ៉ាក់សាំងប្រឆាំងនឹងរោគខាន់ស្លាក់ តេតាណូស និងក្អកមាន់ (DTP)។ ការចាក់វ៉ាក់សាំងគ្រប់ ៣ដូស គឺប្រៀបដូចជាការគ្របដណ្តប់ភាពសុំាសកល នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយសុខាភិបាល និងកុមារនៃអង្គការសហប្រជាជាតិ។

លោក Kate O’Brien ប្រធានផ្នែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកបានប្រាប់អ្នកយកព័ត៌មានថា ការគ្របដណ្តប់លើការចាក់ថ្នាំបង្ការជាសកល នៅមិនទាន់អាចបំពេញពេញលេញ នូវការធ្លាក់ចុះជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនោះទេ។

មិនត្រឹមតែការវិវឌ្ឍន៍ត្រូវបានជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែចំនួនកុមារដែលគេហៅថា សូន្យ ឬនៅមិនបានទទួលការចាក់ថ្នាំបង្ការមួយដូស បានកើនឡើងដល់ ១៤.៥លានកាលពីឆ្នាំ ២០២៣ កើនលើសចំនួន ១៣.៩លាននាក់ក្នុងឆ្នាំ ២០២២ និងលើស ១២.៨លាននាក់ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

លោក O’Brien បានព្រមានថា បញ្ហានេះនឹងធ្វើឲ្យអាយុជីវិតរបស់កុមារងាយរងគ្រោះបំផុត បើសិនប្រឈមនឹងហានិភ័យ។ ការព្រួយបារម្ភជាងនេះទៅទៀតនោះគឺថា ជាងពាក់កណ្តាលនៃកុមារដែលមិនបានចាក់វ៉ាក់សាំងលើពិភពលោក រស់នៅក្នុងប្រទេសចំនួន ៣១ ដែលមានភាពផុយស្រួយ និងងាយរងផលប៉ះពាល់ដោយសារជម្លោះ ជាកន្លែងដែលពួកគេងាយនឹងឆ្លងជំងឺនានា ពីព្រោះតែកង្វះលទ្ធភាពទទួលបានសេវាសន្តិសុខ អាហារូបត្ថម្ភ និងសេវាសុខភាព។

ទិន្នន័យកាលពីថ្ងៃចន្ទបានបង្ហាញថា កុមារ ៦.៥លាននាក់នៅទូទាំងពិភពលោក មិនបានចាក់វ៉ាក់សាំង DTP លើកទី ៣ របស់ពួកគេទេ ទោះវាជារឿងចាំបាច់ ដើម្បីសម្រេចបាននូវការការពារជំងឺក្នុងវ័យកុមារភាព។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ ក៏បានសម្តែងការព្រួយបារម្ភ បន្ថែមពីលើការយឺតយ៉ាវ ក្នុងការទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជ្រិល ដែលជាជំងឺឆ្លងខ្លាំងបំផុតមួយរបស់ពិភពលោក ចំពេលមានការផ្ទុះឡើងជាច្រើននៅជុំវិញពិភពលោក។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅឆ្នាំ ២០២៣ មានតែ ៨៣ភាគរយ នៃកុមារនៅទូទាំងពិភពលោក បានទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រិលដំបូងរបស់ពួកគេតាមរយៈសេវាសុខភាពប្រចាំថ្ងៃ។ ហើយមានតែ ៧៤ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងបង្ការលើកទីពីររបស់ពួកគេ។

គួរបញ្ជាក់ថា ប្រទេសចំនួន ១០៣ ក្នុងពេល ៥ឆ្នាំចុងក្រោយនេះ បានគ្របដណ្តប់ការចាក់វ៉ាក់សាំងទាប ៨០ភាគរយ ឬទាបជាងនេះ។ ផ្ទុយទៅវិញ ប្រទេសចំនួន ៩១ ដែលចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រិលខ្លាំង មិនបានជួបប្រទះនឹងការផ្ទុះឡើងជំងឺនេះនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner